ព័ត៌មានជាតិ

ថ្ងៃស្អែក កងពលតូចលេខ៧០ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ស្អែកនេះ នឹងរៀបចំដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ប្រភេទ Astra zeneca ជូនកងទ័ព និងគ្រួសារកងទ័ព ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអះអាងទៀតថា ដំណើរការចាក់វ៉ាក់សាំង Astra zeneca ជាដូសទី៣ ឬដូស ជម្រុញ នឹងត្រូវធ្វើឡើងរយៈពេល ១សប្ដាហ៍ពេញ នៅបញ្ជាការដ្ឋាន កងពលតូចលេខ៧០ នៅចោមចៅ និងមូលដ្ឋានទ័ព របស់កងពលតូចលេខ៧០ នៅខេត្តព្រះសីហនុ តាមសាលាវរសេនាតូច , សាលាហ្វឹកហ្វឺនតេជោសែនភ្នំម្រះព្រៅ និងសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី ។

គួរឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យគណៈកម្មការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ បើកយុទ្ធនាការចាក់ វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ ខណៈពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើន ត្រឡប់ពីប្រទេសថៃ ចូលស្រុកខ្មែរវិញ។ ដោយឡែក ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ត្រូវប្រគល់សមត្ថកិច្ច ជូនក្រសួងការពារជាតិ ៕

To Top