ភ្នំពេញ៖ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ នៅក្នុងកម្មវិធីវេទិកាវិស័យឯកជន ស្ដីពី បច្ចុប្បន្នភាពនៃតាវកាលិក ជូនកម្មករនិយោជិត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ (១ មករា ដល់ ៣០មិថុនា) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់តាវកាលិក ផ្នែកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ជូនសមាជិករបស់ខ្លួនសរុបជាង ៣ម៉ឺននាក់ ដែលមានការថយចុះជាង ២៧% បើប្រៀបធៀប ទៅនឹងឆមាសទី១ ដូចគ្នា ក្នុងឆ្នាំ២០២០ កន្លងទៅ និងបានចំណាយជាទឹកប្រាក់ សរុបប្រមាណជាង ៦០ពាន់លានរៀល ក្នុងនោះប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនមានចំនួន ២៧ ៣០៧នាក់។
លោកបានបញ្ជាក់ទៀតថា បើទោះបីជាមកទាល់ពេលនេះ ជំងឺកូវីដ-១៩ នៅតែមានការគម្រាមកំហែង និងបន្តរីករាលដាលយ៉ាងណា ក៏ដោយ ប.ស.ស. នៅតែបន្តផ្តល់សេវា រួមទាំងការផ្តល់ជូនតាវកាលិក (អត្ថប្រយោជន៍ របបសន្តិសុខសង្គម) ជូនដល់សមាជិករបស់ខ្លួន ជាមួយនឹងវិធានសុខាភិបាល និងត្រូវអនុវត្តឱ្យបាន ជាប់ជានិច្ចនូវវិធាន ៣ការពារ និង ៣កុំ ក្នុងន័យរួមចំណែក ទប់ស្កាត់នៃការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ។
សូមបញ្ជាក់ថា បទបង្ហាញខាងលើនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងគោលបំណងផ្ដោតសំខាន់ ទៅលើការបង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបាន ការប្រើប្រាស់សេវា និងការទាមទារអត្ថប្រយោជន៍ របបសន្តិសុខសង្គម ពី ប.ស.ស. ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលកម្មវិធីនេះ រៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ៕