ព័ត៌មានជាតិ

ត្រៀមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាល សម្រាប់ពលករមកពីក្រៅប្រទេស

" "

កំពង់ចាម ៖ ខេត្តកំពង់ចាម បានត្រៀមមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់ពលករ មកពីក្រៅប្រទេស ក្នុងចំនួនជាង ៧,០០០ នាក់ ប៉ុន្តែរដ្ឋបាលខេត្ត ខណ:កំពុងរៀបចំ ជាបន្តបន្ទាប់នេះ មានការខ្វះខាតសម្ភារៈស្នាក់នៅ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ១២ ខែសីហាមឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំស្ដីអំពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់ពលករមកពីប្រទេសថៃ ធ្វើឡើងនៅសាលប្រជុំផ្ទះក្រញូង ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

" "

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកនេះរដ្ឋបាលខេត្ត បានរៀបចំមន្ទីរពេទ្យ សម្រាប់ព្យាបាល ជំងឺកូវីដ១៩ បាន ២កន្លែង គឺមន្ទីរពេទ្យមេគង្គសម្រាប់ព្យាបាល ជំងឺកម្រិតធ្ងន់ និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ សម្រាប់អ្នកជម្ងឺកម្រិតស្រាល ។ ប៉ុន្តែដោយសារនៅពេលឆាប់ៗ ខាងមុខនេះ វិទ្យាល័យព្រះសីហនុ និងបើកឲ្យសិស្សចូលរៀន វិញ ដូច្នេះ កន្លែងព្យាបាលមួយនេះត្រូវផ្ទេរ មណ្ឌលព្យាបាល ភ្នំប្រុស ភ្នំស្រី វិញ ដោយប្រើប្រាស់ អាគារពាណិជ្ជកម្ម ធ្វើជាកន្លែងព្យាបាល អ្នកជំងឺប្រភេទដែលតា អាចដាក់បានចំនួន ៣១២គ្រែ និងបំពាក់សម្រាប់សង្គ្រោះបន្ទាន់ ២០ គ្រែ នឹងនៅសល់ជាង ៦០០គ្រែទៀត សម្រាប់ព្យាបាលអ្នកជំងឺ កូវីដប្រភេទធម្មតា។

" "

លោកអភិបាលខេត្តបន្តថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំមណ្ឌល ធ្វើចត្តាឡីស័កសម្រាប់ពលករមកពីក្រៅប្រទេស នៅក្នុងសាលាគរុកោសល្យ ភូមិភាគបន្ថែម ៤អគារទៀត និងឃ្លាំងពាណិជ្ជកម្ម ក្នុងក្រុងកំពង់ចាម បូករួមទាំងឃ្លាំងពាណិជ្ជកម្ម១ទៀត នៅក្នុងស្រុកកងមាស រួមទាំងមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដាលស្រុកទាំង៩ ផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំកន្លែងមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាល នៃឃ្លាំងពាណិជ្ជកម្មទាំង ៣នេះ គឺជួបប្រទះការខ្វះខាត សម្ភារៈស្នាក់នៅឲ្យ បានសមរម្យ សម្រាប់បងប្អូនពលករដែលចូលធ្វើចត្តាឡីស័ក នៅទីនោះ ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តក៏បានរៀបចំពហុកីឡាដ្ឋាន មួយកន្លែងដែរ ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក ប្រសិនបើមានការកើនឡើង ពលករមកពីក្រៅប្រទេសនោះ ដែលអាចទទួលពលករ បានប្រមាណជា ៣,០០០នាក់ ។

ដោយឡែកចំពោះអ្នកពាក់ព័ន្ធក្នុងសហគមន៍ ២០ កុម្ភៈ គឺរដ្ឋបាលខេត្តតម្រូវឲ្យពួកគាតធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយអនុវត្តទៅតាមវិធានសុខាភិបាល ។ ប៉ុន្តែត្រូវតែគិតគូរអំពីជីវភាព របស់ពួកគាត់ ពោលគឺផ្ដល់ជូនជាស្បៀងអាហារ ដល់ពួកគាត់ ដោយសារតែពួកគាត់មិនអាច ចេញក្រៅប្រកបមុខរបរបាន ។

To Top