ព័ត៌មានជាតិ

កម្ពុជា ស្នើជប៉ុនបន្ដផ្ដល់ ជំនួយវ៉ាក់សាំង Astra Zeneca និងជួយសម្របដល់ការ បញ្ជាទិញវ៉ាក់សាំងបន្ថែម

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្ដផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ក៏ដូចជា គាំទ្រ និងសម្របសម្រួលឲ្យកម្ពុជា អាចបញ្ជាទិញវ៉ាក់សាំង Astra Zeneca បន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ Video Conference លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន តែងតែជួយគាំទ្រទាំងសម្ភារៈ បច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ។ ជាក់ស្តែង ស្ថិតក្នុងកាលៈទេសៈនៃវិបត្តិសកល ដែលយ៉ាយីដោយសារវីរុសកូវីដ-១៩ នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាវ៉ាក់សាំង Astra Zeneca សរុបចំនួន ១លានដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនេះជាកាយវិការសប្បុរសធម៌ និងសន្តានចិត្តដ៏ប្រពៃពីភាគីមិត្ត ។

លោកបានបញ្ជាក់ថា «ស្នើសុំដល់រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងការបន្តផ្តល់នូវជំនួយវ៉ាក់សាំង Astra Zeneca ក៏ដូចជា គាំទ្រ និងសម្របសម្រួលឲ្យកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំង Astra Zeneca បានបន្ថែមទៀតផងដែរ»។

ជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែល តែងតែយកចិត្តទុកដាក់ និងផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍដល់កម្ពុជា លើស្ទើរគ្រប់វិស័យ និងចំទិសដៅ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំង អំពីតួនាទីប្រទេសជប៉ុនជា «ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត» ដ៏សំខាន់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍកម្ពុជា។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងឯកអគ្គរាជទូតជប៉ុន បានពិភាក្សាលើយន្តការស្តារ និង ការអភិវឌ្ឍលើវិស័យនានា ក្រោយពីស្ថានភាព នៃជំងឺកូវីដ-១៩ ត្រូវបានថមថយ ជាពិសេសការស្តារ និងការជំរុញលើការ វិនិយោគនៅកម្ពុជា ។ មួយវិញទៀត កម្ពុជា បានស្វាគមន៍នូវការ ពិចារណាលើផែនការ ផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្រ បន្ទាន់ ដើម្បីឆ្លើយតបទៅនឹង វិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការ ស្តារសេដ្ឋកិច្ច ក៏ដូចជា វិធានការត្រួតពិនិត្យ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕

To Top