ព័ត៌មានជាតិ

ខែកក្កដា សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ៣២៩ករណី ចាប់យកសារធាតុញៀន ២១៩គីឡូក្រាម និង ឃាត់ខ្លួន៨៤៩នាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ចំនួន៣២៩ករណី និងចាប់យកគ្រឿងញៀន ចំនួន២១៩គីឡូក្រាម ព្រមទាំង ជនសង្ស័យ ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ ជាថ្មីទៀត អំពីលទ្ធផល នៃកិច្ចប្រតិបត្តិការ បង្ក្រាបបទ ល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១ ។ នៅក្នុងរយៈពេល ១ខែនេះ យើងបង្ក្រាបបានបទ ល្មើសគ្រឿងញៀនសរុបចំនួន ៣២៩ករណី គឺមានការថយចុះ ៤៨ករណី បើធ្វើការប្រៀបធៀប នឹងខែមិថុនា។ បទល្មើសបង្ក្រាបរួមមានៈ ករណីជួញដូរ រក្សាទុក ២៤២ករណី, ករណីប្រើប្រាស់ ៨៤ករណី, ករណីសំយោគ កែច្នៃ ១ករណី និងករណីដាំដុះ ២ករណី»។

សម្ដេច បន្ដថា ពាក់ព័ន្ធនឹងករណីខាលើនេះ មានជនសង្ស័យ ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន កើន៤៧នាក់ ស្មើនឹង៥,២ភាគរយ ធៀបនឹងខែមិថុនា ឆ្នាំ២០២១ ។ ជនសង្ស័យទាំងនោះ ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុក ៥១០នាក់, ករណីប្រើប្រាស់គ្រឿងញៀន ៣៣១នាក់, ករណីសំយោគ និងកែច្នៃ៥នាក់ និងករណីដាំដុះ៣នាក់ ។ ជនសង្ស័យទាំងនោះ មានខ្មែរ៧៧៦នាក់ និងជនបរទេស៧៣នាក់ ។

សម្ដេចបន្ថែមថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់យកគ្រឿងញៀន ចំនួន២១៩គីឡូក្រាម និង៤៦០.៧១ក្រាម។ ថ្វីដ្បិតថា ការបង្ក្រាបបទល្មើសមានការថយចុះធៀបនឹងខែមិថុនា ប៉ុន្តែចំនួនគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់ទៅ ៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណ ជាង៥០ភាគរយធៀបនឹងខែមុន ។

បន្ថែមពីនេះទៀត សម្ដេច ស ខេង បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន ៕

To Top