ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឲ្យអនុវត្ត​ គម្រោងកែលម្អឆ្នេរភក់ ទៅជាឆ្នេរខ្សាច់ កម្សាន្តសាធារណៈ មានប្រវែងជិត ៣គីឡូម៉ែត្រ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អនុវត្តគម្រោងកែលម្អឆ្នេរ ភក់ទៅជាឆ្នេរខ្សាច់ កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

យោងតាមសេចក្តីប្រកាស របស់ គ.អ.ឆ.ក នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «ឆ្នេរនេះ នឹងត្រូវរៀបចំកែលម្អ ទៅជាឆ្នេរខ្សាច់កម្សាន្ត សាធារណៈ កម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រ ដែលមានទទឹង ប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្តោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ ខ្សាច់សល្អសម្រាប់ជាឆ្នេរខ្សាច់កម្សាន្តសាធារណៈ»។

ជាងនេះទៅទៀត ត្រូវរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរ សមុទ្រដែលមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២ ៧០០ម៉ែត្រ ដោយការរៀបចំគ្រឹះ និងចាក់ដីមានជីជាតិល្អសម្រាប់សួនច្បារ និងការដាំដើមឈើ ។ ដោយឡែក ថវិកាសម្រាប់ការរៀបចំកែលមួឆ្នេរខ្សាច់ កម្សាន្តសាធារណៈ សួនច្បារសាធារណៈ និងដាំដើម ឈើនៅ លើដីចំណីឆ្នេរសមុទ្រជាការចូលរួម របស់ម្ចាស់ដី នៅជាប់ឆ្នេរសមុទ្រ ជាថ្នូរនឹងការទទួល បានដីប្រវែង ៥០ម៉ែត្រ បន្តពីព្រំដីកម្មសិទ្ធិឆ្ពោះទៅសួនច្បារ ។

សូមបញ្ជាក់ថា គម្រោងនេះ នឹងពង្រីកឆ្នេរខ្សាច់កាន់តែធំទូលាយបន្ត ពីសួនច្បារ សំដៅលើកកម្ពស់សោភណភាព និងបរិស្ថាន ប្រែក្លាយពីតំបន់ ដែលមិនមានការអភិវឌ្ឍ ទៅជាតំបន់ទេសចរណ៍ពិសិដ្ឋ មានវិសាលភាពធំទូលាយ ទាក់ទាញភ្ញៀវទេសចរ បង្កើតមុខរបរជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ក៏ដូចជាសេដ្ឋកិច្ចជាតិ ៕

To Top