ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ បានរកឃើញទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការពាក់ព័ន្ធ ជាមួយនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ។
តាមរយៈគេទំព័រហ្វេសប៊ុក របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ទីតាំងទាំងនោះរួមមាន៖
១/ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អា អឹម ខេ (AMK Microfinance) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៦ ភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ អ្នកជំងឺ កូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

២/បេសកកម្ម នៅផ្សារដេប៉ូ បានរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះរួមមាន៖ អ្នកលក់ជុំវិញផ្សារ ៣ នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន), អ្នកនៅផ្ទះ១នាក់ និងសិស្ស១នាក់។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅតំបន់នៅជុំវិញ ផ្សារដេប៉ូញឹកញាប់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត។

៣/បេសកកម្ម នៅទីសក្ការៈព្រះអង្គដងកើ បានរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១ករណី ដែលជាលោកតាអាចារ្យ មានវ័យ៣៦ឆ្នាំ។ បេសកកម្ម នេះធ្វើឡើងក្រោយពីបានរកឃើញថា អ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta បានទៅកាន់ទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីសក្ការៈ ព្រះអង្គដងកើ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅជិតបំផុត។

៤/ជាងជួសជុល ជើងក្រោមរថយន្ត ធន់តូច គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្ទះ ២៣៦ ផ្លូវ៣៥ ភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ អ្នកជំងឺកូវីដ១៩ គឺម្ចាស់ទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយសមាជិកគ្រួសារខាងលើ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ប្រសិនបើសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត។
៥/ រកឃើញ ករណី វិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់ ដែលធ្វើការនៅ មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា នៅល្ងាចថ្ងៃនេះ! (ម្ចាស់ទីតាំងខាងលើ ព្យាយាមលាក់បាំង និង Live ថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង), សូមបញ្ជាក់ថា ក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងខាងលើនេះ។

សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត៕
