ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ ឋនិងពលករ ដែលនៅសេសសល់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវរួសរាន់

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករ មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលនៅសេសសល់មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា គ.វ.ក-១៩ បាននឹងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងប្រទេស ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការមកចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងផុសផុល។

លោកស្រីបានបន្ដថា រហូតមកដល់បច្ចុប្បន្ននេះ គ.វ.ក-១៩ សង្កេតឃើញថា មានប្រជាពលរដ្ឋ និងពលករមួយចំនួនមិនទាន់បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយមូលហេតុផ្សេងៗ (ជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការ ធ្វើចត្តាឡីស័ក ស្ត្រីទើបសំរាលកូនរួច និងមូលហេតុផ្សេងៗទៀត)។

លោកស្រីបានបញ្ជាក់ថា «អាស្រ័យដូចបានជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករមានអាយុចាប់ពី១៨ឆ្នាំឡើងទាំងអស់ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានី-ខេត្ត កំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងកូរីដ-១៩ នៅទូទាំងប្រទេស»។

សូមរំលឹកថា មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក គឺសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលដ្ឋខ្មែរ រួមទាំងពលករ និងជនបរទេស ដែលនៅសេសសល់មិនទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយកំពុងរស់នៅក្នុងរាជធានីភ្នំពេញ។

ដោយឡែកប្រជាពលរដ្ឋ និងពលករ ដែលកំពុងរស់នៅ តាមបណ្តាខេត្តនានា ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលកំពុងធ្វើយុទ្ធនាការ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៨,៨៥៧,៩៧៩នាក់៕

To Top