ព័ត៌មានជាតិ

ខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ ជូនមន្រ្តីរាជការ

កំពង់ចាម ៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ ជូនមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម បានថ្លែងថា សូមរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងកុំភ្លេចអនុវត្ត ៣ការពារ ៣កុំ» ។

លោកអភិបាលខេត្ត បានថ្លែងដូច្នេះ នៅក្នុងឱកាស អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ ព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពី លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ផងដែរ ។

តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា មកដល់ពេលនេះ ដោយគិតចាប់ពី ខែមីនា មកដល់បច្ចុប្បន្ន ខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំង បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង ក្នុងដូសទី ១ សរុបបានចំនួន៥៦៣.៦៧៨នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង បានចំនួន ៤១៣.៣៣២នាក់ ។ ចំពោះ កុមារ និងយុវវ័យ (១២-១៧ឆ្នាំ) ឬអាយុក្រោម ១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ ។

To Top