ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ចំពោះក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារនៃសេចក្តីសម្រេចនេះទេ ហើយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវៈសារព័ត៌មាន ព្រោះគោលការណ៍របស់ក្រសួងព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន ជាស្តង់ដាអន្តរជាតិ ដែលអ្នកកាសែត ភាគច្រើននៅទូទាំងពិភព លោកមានការទទួលស្គាល់។ នេះបើយោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន តាមប្រព័ន្ធ Zoom និងចូលរួមប្រជុំដោយផ្ទាល់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា តាមបណ្ដាប្រទេសនានា ពេលសមាគមអ្នកកាសែត ចេញធ្វើការវាយតំលៃអំពីក្រមសីលធម៌ កំហុសវិជ្ជាជីវៈនីមួយៗ គឺអ្នកកាសែតគោរពណាស់ ដោយសារសមាគមគេខ្លាំង រឹងមាំ។
លោកបានថ្លែងថា «សម្រាប់នៅកម្ពុជា មានសមាគមអ្នកសារព័ត៌មាន ជាង៤០សមាគម ដូច្នេះ មានការខ្លាចគេ មិនចូលជាសមាជិកខ្លួន ដែលមកដល់ឥឡូវនេះ គឺមិនដែលមានសមាគមណាមួយ បានលើកអំពីសមាជិករបស់ខ្លួន ដែលបានប្រព្រឹត្តខុសក្រមសីលធម៌នោះទេ មានតែកាន់ជើងគ្នា ដែលជាកំហុសធ្វើឲ្យតំលៃ អ្នកសារព័ត៌មាន មានការធ្លាក់ចុះ»។
លោកបានបន្ដថា «ដូចនេះហើយក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីជាការលើកនូវតំលៃ សីលធម៌ និងតំលៃតួនាទីសង្គម របស់អ្នកសារព័ត៌មានឡើងវិញ ដើម្បីទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅ ហើយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ»៕