ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងចុះវាយបំផ្លាញ របងសម្គាល់ព្រំដី និងលំនៅឋានរបស់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សេចក្ដីរាយការណ៍បញ្ជាក់ថា ផ្ទៃដីចិញ្ចឹមត្រីនោះត្រូវបានទទួលស្គាល់ និងការពារពីក្រសួងដែនដី ក្រសួងកសិកម្មនិងតុលាការរាជធានីភ្នំពេញប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរខណ្ឌព្រែកព្នៅមិនបានការពារប្រជាពលរដ្ឋ និងមិនគោរពតាមច្បាប់ ហើយថែមទាំងដឹកនាំកម្លាំងចុះវាយបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទៅវិញ។
សេចក្ដីរាយការណ៍ឲ្យដឹងបន្ថែមថាទង្វើរបស់នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅនេះធ្វើឡើងយ៉ាងកម្រោល និងបំពានសេចក្ដីសម្រេចរបស់តុលាការ ពោលគឺធ្វើឡើងដោយចិត្តឯង គ្មានលិខិតបង្គាប់បញ្ជាពីថ្នាក់ដឹកនាំភ្ជាប់មកជាមួយឡើយ សុខៗស្រាប់តែនាំកម្លាំងចុះមកវាយបំផ្លាញយកតែម្ដង។
សូមរំលឹកថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឲ្យប្រជាពលរដ្ឋចំនួន៦គ្រួសារដែលតំណាងដោយឈ្មោះចេង សុណាត , ឈូក សារ៉ុម , ម៉េង កៅ , លី គឹមហួ , លី សម្បត្តិនិង លី យ៉ាវ ឈ្នះក្ដីលើក្រុមហ៊ុន ឡាយ ងី ដែលបានធ្វើរបងនិងចាក់ដីប៉ះពាល់ទៅលើស៊ងចិញ្ចឹមត្រីរបស់ក្រុមប្រជាពលរដ្ឋខាងលើ។
យោងតាមលិខិតរបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០ប្រាប់ទៅកាន់ លោកឈិត បូរ៉ាវុធ ជាមេធាវីតំណាងដោយអាណត្តិឈ្មោះ ឡាយ ម៉េងស៊ុន និងឈ្មោះឡាយ ហៀង បានឲ្យដឹងថា”អំពីបណ្ដឹងតវ៉ារបស់លោកប្ដឹងនិងតម្កល់រឿងទុកឥតចាត់ការលេខ ១៣៦ អ.យ.ញ ចុះថ្ងៃទី១៧ -០១-២០១៩នៃសំណុំរឿងព្រហ្មទណ្ឌលេខ២៦២៩ចុះថ្ងៃទី ០៤ -០៥ -២០១៨របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីដំណើររឿងរំលោភលើដីកម្មសិទ្ធិឯកជននោះយើងបានតម្កល់សេចក្ដីសម្រេចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលដោយសេចក្ដីសម្រេចនេះមានលក្ខណៈត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ហើយតាមសេចក្ដីសម្រេចរបស់យើងលេខ៣៥៦….សត.ប្រក.០២០ចុះថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០”។
ប្រជាពលរដ្ឋទាំង៦ គ្រួសារ បានអះអាងថា ពួកគាត់បានចិញ្ចឹមត្រីចំនួន១៤ស៊ង ស្មើនឹង១៤ទីតាំងចិញ្ចឹមត្រីដោយ មានលិខិតអនុញ្ញាតធ្វើវារីវប្បកម្មរបស់ រដ្ឋបាល ជលផលនិងបានកាន់កាប់ប្រើប្រាស់ អាស្រ័យផលតាំងពីឆ្នាំ ១៩៩៤រហូតមកដល់បច្ចុប្បន្ន៕