ព័ត៌មានជាតិ

អនុប្រធាន នាយកដ្ឋាន ចារកម្ម ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ករណីជនខិលខូច រំលោភយកដីធ្លី

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ចេង សុខណាត អនុប្រធាន នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ សូមគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ករណីជនខិលខូចបំផ្លិចបំផ្លាញ ផ្ទះសម្បែងនិងរំលោភបំពានដី ចិញ្ចឹមត្រី ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

ការស្នើសុំអន្តរាគមន៍ របស់អនុប្រធាន នាយកដ្ឋានចារកម្ម ទៅកាន់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំងវាយបំផ្លាញ សំណង់របស់គាត់យ៉ាងកម្រោល និងបំពានសេចក្ដីសម្រេច របស់តុលាការ ។

ដោយទ្រាំទ្រ នឹងសេចក្ដីឈឺចាប់នេះលែងបាន លោកឧត្តមសេនីយ៍ទោ ចេង សុខណាត នបានទទូចសុំអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន ឲ្យជួយដោះស្រាយ ប្រសិនបើមិនដូច្នោះទេ អយុត្តិធម៌សង្គម នៅតែបន្តកើតមានឡើង ដោយសូម្បីតែន្រ្តីជាន់ខ្ពស់ប៉ូលិសផង នៅតែមានអ្នករំលោភបំពាន ចុះទម្រាំប្រជាពលរដ្ឋតូចតាចទៀត មិនដឹងក្រុមជនខិលខូចធ្វើទុកបុកម្នេញ យ៉ាងណានោះទេ ។

លោកឧត្តមសេនីយ៍ទោ ចេង សុណាត បានបញ្ជាក់ថា ផ្ទៃដីចិញ្ចឹមត្រីខាងលើត្រូវបានតុលាការ កាត់ឲ្យលោកឈ្នះក្ដី និងត្រូវបានទទួលស្គាល់ ការពារពីក្រសួងដែនដី និងក្រសួងកសិកម្ម ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរខណ្ឌព្រែកព្នៅ មិនបានការពារប្រជាពលរដ្ឋ និង មិនគោរពតាមច្បាប់ ហើយថែមទាំងដឹកនាំ កម្លាំងចុះវាយបំផ្លាញ ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់លោកទៅវិញ ។

ប្រជាពលរដ្ឋបានសម្ដែងការឈឺចាប់ យ៉ាងខ្លាំងនិងចោទសួរទៅកាន់ នាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅថា តើអាងច្បាប់ព្រៃ ឬយ៉ាងណា ទើបហ៊ានចុះវាយបំផ្លាញ ទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ ដែលតុលាការបានកាត់ឲ្យឈ្នះក្ដីហើយនោះ ។ តើនាយករដ្ឋបាល សាលាខណ្ឌព្រែកព្នៅ រូបនេះអាងអ្វីទើបហ៊ាន បំពានសាលដីការរបស់តុលាការ ហើយដឹកនាំកម្លាំងចុះបំផ្លាញ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដោយចិត្តឯងគ្មានលិខិតបង្គាប់បញ្ជា ពីថ្នាក់ដឹកនាំភ្ជាប់ មកជាមួយឡើយ សុខៗស្រាប់តែនាំកម្លាំង ចុះមកវាយបំផ្លាញយកតែម្ដង ។

សូមរំលឹកថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឲ្យប្រជាពលរដ្ឋចំនួន៦គ្រួសារដែលតំណាងដោយឈ្មោះចេង សុខណាត , ឈូក សារ៉ុម , ម៉េង កៅ , លី គឹមហួ , លី សម្បត្តិ និង លី យ៉ាវ ឈ្នះក្ដីលើក្រុមហ៊ុន ឡាយ ងី ដែលបានធ្វើរបង និងចាក់ដីប៉ះពាល់ទៅលើស៊ង ចិញ្ចឹមត្រីរបស់ក្រុម ប្រជាពលរដ្ឋខាងលើ។

យោងតាមលិខិតរបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០ប្រាប់ទៅកាន់ លោកឈិត បូរ៉ាវុធ ជាមេធាវីតំណាងដោយអាណត្តិឈ្មោះ ឡាយ ម៉េងស៊ុន និងឈ្មោះ ឡាយ ហៀង បានឲ្យដឹងថា “អំពីបណ្ដឹងតវ៉ារបស់លោកប្ដឹង និងតម្កល់រឿងទុក ឥតចាត់ការលេខ ១៣៦ អ.យ.ញ ចុះថ្ងៃទី១៧ -០១-២០១៩នៃសំណុំរឿង ព្រហ្មទណ្ឌលេខ២៦២៩ចុះថ្ងៃទី ០៤ -០៥ -២០១៨របស់អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ពីដំណើររឿងរំលោភ លើដីកម្មសិទ្ធិឯកជន នោះយើងបានតម្កល់សេចក្ដី សម្រេចរបស់អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ទុកជាបានការដដែល ដោយសេចក្ដីសម្រេចនេះ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់ហើយតាមសេចក្ដី សម្រេចរបស់យើងលេខ៣៥៦….សត.ប្រក.០២០ចុះថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២០” ៕

To Top