ព័ត៌មានជាតិ

មួយគ្រួសារ៥នាក់​ រស់នៅខេត្តសៀមរាប ដែលរងការបណ្តេញ ចេញពីផ្ទះ ដែលធ្លាប់រស់នៅ៣៦ឆ្នាំ សំណូមពរ សុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសំណូមពរ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និង ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ផ្អាកការអនុវត្តនិង បន្តដោះស្រាយគោល នយោបាយមនុស្សធម៌ ស្របតាមចំណាររបស់លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌នាពេលកន្លងមក ។

កិច្ចសុំអន្តរាគមន៍នេះបានកើតឡើង ក្រោយពេលអាជ្ញាសាលា បានកំណត់អោយរុះរើលំនៅដ្ឋាន ដែលនាងបានរស់នៅ រយះពេល៣៦ឆ្នាំចេញ ក្នុងគ្រា ដែលនាង មិនមានលំនៅដ្ឋានណាផ្សេងពីនេះដើម្បីស្នាក់នៅទេ ពិសេសក្នុងបរិបទជម្ងឺកូវីដ១៩ កំពុងរីករាលដាល ក្នុងខេត្តសៀមរាប ។ ដូច្នេះតើឲ្យនាងនិងក្រុមគ្រួសារ៤នាក់ទៀតទៅរស់នៅទីណា? ។

ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា នាងមិនប្រឆាំងនឹងការសម្រេច របស់តុលាការទេ ប៉ុន្តែដោយសារនាងរស់នៅលើផ្ទះ ទំនាស់នេះរយៈពេល៣៦ឆ្នាំ បង្កើតជាគ្រួសារមួយមាន សមាជិកចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយ គោលនយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ស្ត្រីរូបនេះបានរំលឹកថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបាន លោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹម និងរស់នៅជាមួយ ក្នុងនាមជាកូនចៅ លើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំង ពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេល ដែលទាហានខ្មែរក្រហម ឧស្សាហ៍ចេញចូលអុកឡុក ក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំ និងអាជ្ញាធរមូលដ្ឋានធ្វើជាសាក្សី ។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាងជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យសម្បត្តិឬដីធ្លីផ្ទះសំបែងឱ្យនោះទេ។ ចំណែកលោកយិត ខាវ ជាម្ចាស់បំណុលនិងកូនៗរបស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់ នៅលើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តង ម្កាលពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែកពួកគេទាំងអស់នេះសុទ្ឋសឹង មានផ្ទះសំបែងរស់នៅរៀងៗខ្លួនគឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។

ស្ត្រីរូបនេះបានអះអាង ប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី បានដាក់ពាក្យ បណ្តឹងទៅសាលាដំបូង ខេត្តសៀមរាប ប្តឹងសុំកាន់កាប់និង គ្រប់គ្រងលើដីនិងផ្ទះទំនាស់នេះដោយយោងលើលិខិត គ្រប់គ្រងដីនិងផ្ទះ ដែលចុះហត្ថលេខាដោយលោកមេឃុំសំរោង តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល ។ ចុងក្រោយតុលាការកំពូល បានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រង តាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដីនិងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះសម្រាប់រស់នៅក្រៅពីដី និងផ្ទះទំនាស់ខាងលើនេះទេ ទើបនាង ខ្ញុំបានស្នើសុំការដោះស្រាយ តាមគោលការណ៍មនុស្សធម៌ជាច្រើនលើកច្រើនសារតាមរយៈលោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួង យុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ផ្អាកការអនុវត្ត ដើម្បីបន្តដោះស្រាយគោល នយោបាយមនុស្សធម៍ឲ្យនាងដោយក្តីអនុគ្រោះ៕

To Top