ព័ត៌មានជាតិ

ស្ពាន៧កន្លែង និងការបុកស៊ីផាយ តាមមាត់ប្រឡាយទួលពង្រ១ គ្រោងបញ្ចប់ការកសាង នៅចុងខែសីហានេះ

ភ្នំពេញ៖ បើទោះបី ជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ពិសេសវីរុសបម្លែងថ្មីដែលតា(DELTA )យ៉ាងណាក្តី តែសម្រាប់សកម្មភាព ធ្វើស្ពានចំនួន៧កន្លែង និងការងារបុកសុីផាយនៅតាមមាត់ ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តធ្វើយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១៧សីហានេះ ការដ្ឋានមួយនេះ ស្ទើរតែរួចរាល់ទៅហើយ ពោលគឺ នៅចុងខែសីហានេះ នឹងត្រូវបានបញ្ចប់ ជាមួយនិងការដាក់អោយប្រើប្រាស់ជាផ្លូវការ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានអោយដឹងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារបានដាក់គ្រឿងចក្រ កាយស្តារប្រឡាយទួលពង្រទី១ ទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១៧ សីហា នេះ ការដ្ឋានទាំងមូលសម្រេចបាន ប្រមាណជិត១០០ភាគរយហើយ ។

លោកថា ការងារស្តារនិងបុកស៊ីផាយជញ្ជាំងប្រឡាយ ដល់ពេលពេលនេះ បានរួចរាល់អស់ហើយ គឺនៅសល់តែស្ពានមួយប៉ុណ្ណោះ ក្នុងចំណោម៧ស្ពានដែលយើងបាននឹងកំពុងសាងសង់ ហើយការដ្ឋានទាំងមូល គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហានេះ ជាមួយនិងការដាក់អោយប្រើប្រាស់ជាផ្លូវការ ។

លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិ សាស្ត្រ ខណ្ឌមានជយ័ ទៅកាន់បឹងជេីងឯក និង បន្ត ហូរ ទៅកាន់ស្ទឹងជ្រៅ ។ ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះ ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវ មួយចំនួន កាលពីជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក។

គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់ មានចំនួន៧កន្លែងផងដែរ ។

គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលី តាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ៕

To Top