ភ្នំពេញ ៖ សហរដ្ឋអាមេរិក បានប្រើពួកបរិវា ឲ្យមកក្រឡុកទំនប់វារីអគ្គិសនី សេសានក្រោម២ វិញម្តងហើយ ក្រោយធ្វើឲ្យក្រឡាប់ចាក់ ប្រទេសអាហ្វហ្គានីស្ថាន ឲ្យធ្លាក់ចូលក្នុងកណ្តាប់ដៃ ក្រុមតាលីបង់ ។
សព្វថ្ងៃ ក្រុមតាលីបង់ បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ជាស្ថាពរហើយ។ អាមេរិកត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យអាហ្វហ្គានីស្ថាន ធ្លាក់ចូលកណ្តាប់ដៃ ក្រុមតាលីបង់ ក្រោយអាមេរិកបានដកកងទ័ពចេញពីប្រទេសនេះ ។ ក្រុមតាលីបង់ បានប្រកាសជ័យជំនះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញ ពីប្រទេសកាលពីថ្ងៃ១៥ សីហា ដែលជាការកត់សម្គាល់ ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ឆ្នាំ បន្ទាប់ពីការដកហូតអំណាច ដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក បានឈ្លានពាន ប្រទេសអាហ្វហ្គានីស្ថាន នៅខែតុលា ឆ្នាំ២០០១ បន្ទាប់ពីក្រុមភេរវកម្មអាល់កៃដា បញ្ជាដោយ Osama Bin Laden បានវាយប្រហារដោយការបើកយន្តហោះបំបុកអាគារភ្លោះ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូយ៉ក និងមន្ទីរបញ្ចាកោន នៅរដ្ឋាធានីវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កងទ័ពអាមេរិក បានបង្កើតវត្តមានរហូតជាង ១សែន និងកងទ័ពណាតូចំនួន ១៣,០០០នាក់ ដែលមានបេសកកម្មបោសសំអាត ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលគាំទ្រដោយក្រុម ភេរវកម្មអាល់កៃដា (al-Qaeda)។
ងាកមកទំនប់ វារីអគ្គិសនីសេសានក្រោម២ វិញ ត្រូវបានសាងសង់អំឡុងឆ្នាំ២០១៣ បញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០១៧ ហើយបានដាក់ដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០១៨ ។ ប៉ុន្តែទោះបីរាជរដ្ឋាភិបាល បានប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុនចិន វិនិយោគដោយសហការ ជាមួយក្រុមហ៊ុនខ្មែរក៏ដោយ ដោយបានផ្តល់សំណងជាទីគាប់ចិត្ត រួចតាំងពីជាង៤ឆ្នាំមុន ហើយក៏ដោយ ប៉ុន្តែអង្គការយូម៉ែនរ៉ាយវ៉ុច (Human Rights Watch) ស្ថិតក្រោមការគ្រប់គ្រង របស់អាមេរិក ដែលអាមេរិកផ្តល់លុយចិញ្ចឹមនោះ បានមកសើរើ រឿងទំនប់វារីអគ្គិសនីនេះទៀត ក្នុងគោលបំណងមកឡុកអុក បន្ទាប់ពីខ្លួនទទួលបរាជ័យ ដែលឲ្យតាលីបង់ មកកាន់កាប់អាហ្វហ្គានីស្ថាន។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃ១០ សីហា បានចេញរបាយការណ៍ សង្ខេបរបស់ខ្លួនទាក់ទង ការសាងសង់ទំនប់ វារីអគ្គិសនីសេសាន២ ក្រោមចំណងជើងថា ផលប៉ះពាល់សិទ្ធិមនុស្ស ពីគម្រោងផ្លូវមួយខ្សែក្រវាត់មួយ បម្រើផលប្រយោជន៍ ឲ្យប្រទេសចិន ដែលស្ថិតនៅក្រោមផ្ទៃទឹកនៅកម្ពុជា គឺខ្វះតម្លាភាព មិនស្តាប់ពីកង្វល់ របស់សហគមន៍ និងបាននាំមកនូវផលប៉ះពាល់ ជាអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅ របស់ពលរដ្ឋ។
របាយការណ៍របស់ Human Rights Watch បន្តថា ការសាងសង់ ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ ធ្វើឲ្យប្រជាពលរដ្ឋជិត ៥០០០នាក់ ផ្លាស់ទីលំនៅដែលភាគច្រើនពួកគេ ជាជនជាតិដើមភាគតិច រួមមាន ៖ ជនជាតិពូនង ព្រៅ គួយ ចារាយ គ្រឹង កាវែត និងជនជាតិកាចក់ ។
របាយការណ៍ របស់អង្គការអន្តរជាតិនេះ ដែលជ្រកក្រោមស្លាកឈឺឆ្អាល ជំនួសប្រជាពលរដ្ឋនោះ តែធាតុពិតធ្វើឡើង ដើម្បីតែបម្រើផលប្រយោជន៍ ឲ្យមេកើយខ្លួនប៉ុណ្ណោះ ដើម្បីជាថ្នូរនឹងការជួយឧបត្ថម្ភ ដល់ដំណើរការអង្គការ ។
តាមការស្រាវជ្រាវ កាលពីឆ្នាំ២០០៨ ការសាងសង់ទំនប់ វារីអគ្គិសនី នឹងបង្កផលជាអវិជ្ជមាន ទៅលើជីវភាព របស់សហគមន៍នេសាទ ទាំងនៅខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម ដោយបង្កការខូចខាត រហូតដល់ដងទន្លេមេគង្គ ផងដែរ ជាពិសេសប៉ះពាល់ ជាប្រយោលដល់ការរស់នៅ របស់ប្រជាពលរដ្ឋប្រមាណជា ៣០ម៉ឺននាក់ ថែមទៀត ។
វារីអគ្គិសនីសេសានក្រោម២ នេះស្ថិតនៅឃុំភ្លុក ឃុំស្រែគ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានទំនប់ប្រវែង ៦,៥ គីឡូម៉ែត ដែលវែងបំផុតក្នុងទ្វីបអាស៊ី។
ក្នុងនាម ជាអាជ្ញាធរដែនដី ដែលទទួលភារកិច្ចមើល ការខុសត្រូវ លោក ម៉ែន គុង អ្នកនាំពាក្យ រដ្ឋបាលខេត្តស្ទឹងត្រែង បានថ្លែងថា សរុបជារួម មកដល់បច្ចុប្បន្នប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទំនប់ វារីអគ្គិសនីសេសានក្រោម២ នេះ គឺពួកគាត់រស់នៅបានសុខស្រួល ទាំងអស់គ្នា ដោយបានព្រមព្រៀង ទទួលយកសំណងស្ទើរតែ១០០ភាគរយ នៅសល់មិនដល់៨០គ្រួសារ ប៉ុណ្ណោះមិនព្រម ដោយពួកគេបានស្នើ មកប្រមុខរាជរដ្ឋាភិបាល ដើម្បីចង់មករស់នៅក្បែរ ភូមិកំណើតចាស់ របស់ពួកគាត់វិញ ។
លោកបន្តថា “ក្រោយការស្នើសុំនេះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំខេត្ត ឲ្យជួយសម្របសម្រួល ឥឡូវពួកគាត់រស់នៅ ដោយសាងសង់លំនៅដ្ឋាន របស់ពួកគាត់តាមធម្មតា តាមរបៀបរស់នៅធម្មតា។ ដោយឡែក សហគមន៍មួយទៀត ដែលពួកគាត់សុំមិនទៅ ដោយសារចង់បង្កើតសហគមន៍ ជនជាតិដើមភាគតិច របស់ពួកគាត់ ចឹងយើងរៀបចំកន្លែង ហ្នឹងជូនពួកគាត់។ ចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ជូនពួកគាត់រួចរាល់អស់ហើយ” ។
ចំពោះរបាយការណ៍ របស់អង្គការ Human Rights Watch វិញលោកបានឆ្លើយតបថា ជារបាយការណ៍ធ្វើឡើង ក្នុងដំណាក់កាលដែលអាជ្ញាធរ កំពុងដោះស្រាយសំណង និងក្នុងពេលកំពុងរៀបចំ លំនៅដ្ឋានថ្មីឲ្យពលរដ្ឋ ដោយមិនទាន់បាន ដោះស្រាយចប់រួចរាល់ ។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា “កាលនុង ទំនប់ទ្វារទឹក ក៏មិនទាន់បានបិទដែរ មិនទាន់លិចភូមិចាស់របស់គាត់ទេ ដោយចល័តពួកគាត់ពីភូមិចាស់ ទៅភូមិថ្មីបណ្តើរៗ។ រហូតមកដល់ពេលនេះ ជីវភាពរបស់ពួកគាត់ បានធូរធារជាងមុន ច្រើនណាស់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសំបែងពួកគាត់ជាដើម ”។
លោកបន្ថែមថា អង្គការអន្តរជាតិមួយនេះ តែងតែសរសេរអំពីមូលដ្ឋាននៅស្ទឹងត្រែង មិនពិតជាក់ស្តែង ក្នុងរបាយការណ៍ខ្លួនរហូត ។
សម្រាប់លោក គិន ភា ប្រធានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជាធម្មតាការអភិវឌ្ឍអ្វីមួយ តែងតែមានផលប៉ះពាល់ហើយ ជៀសមិនផុតនោះទេ ។
លោកថា របាយការណ៍នេះ មើលទៅបង្កប់ ជារបៀបវារៈនយោបាយ ចង់វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសចិន។ លោកថា ការអភិវឌ្ឍរបស់ចិន នៅកម្ពុជាបានធ្វើឲ្យពលរដ្ឋកម្ពុជា និងជាតិទាំងមូល ទទួលបានផលប្រយោជន៍ច្រើន ។
លោកសង្កត់ធ្ងន់ថា “អ្វីដែលជាការលើកឡើង ក្នុងរបាយការណ៍របស់អង្គការ Human Rights Watchនេះ ជារួមគឺមានរបៀបវារៈមួយ ដែលជាការរៀបចំសំរាប់វាយប្រហារ ទៅរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ យើងគិតចេះវិញថា បើគ្មានការអភិវឌ្ឍ លើទំនប់វារីអគ្គិសនីទេ តើយើងអាចមានថាមពលគ្រប់គ្រាន់ សំរាប់យកមកបម្រើដល់ខ្សែចង្វាក់ ផលិតកម្ម ផ្សេងៗដែរឬទេ? គឺអត់បានទេ” ។
លោកបន្ថែមទៀតថា “ចំពោះផលប៉ះពាល់វិញ មិនដូចអ្វីទៅនឹងការលើកឡើង របស់អង្គការនោះទាំងស្រុងទេ ។ តែនេះ ជាការរៀបចំដើម្បីធ្វើឲ្យ ឃើញរូបភាពអវិជ្ជមាន ពីការអភិវឌ្ឍរបស់ចិនផង និងក្នុងគោលដៅ ចង់វាយប្រហារលើ រដ្ឋាភិបាលកម្ពុជាផង” ។
លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណា ការសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២នេះ ពិតជាបានផ្តល់ផលប្រយោជន៍ ឲ្យពលរដ្ឋលើការតម្រូវ ផ្នែកថាមពល ព្រោះគ្មានប្រទេសណាមួយ រីកចំរើនបានដោយគ្មានថាមពល អគ្គិសនីឡើយ។ លោកថា ថាមពលអគ្គិសនីមានសារៈសំខាន់ ធ្វើឲ្យដំណើរការ សេដ្ឋកិច្ចមានភាពរស់វើក ។ ចំពោះតំបន់ នៅជុំវិញនោះ ក៏បានទទួលផលប្រយោជន៍ ពីការអភិវឌ្ឍផងដែរ។
ចំពោះ លោក ឆេង គឹមឡុង ដែលជាអ្នកវិភាគសេដ្ឋកិច្ច វ័យក្មេង បានលើកជាមតិដែរថា ការធ្វើគម្រោងអ្វីមួយ ពិតជាមានផលប៉ះពាល់ខ្លះហើយ តែគម្រោងអគ្គិសនីសេសានក្រោម២ នេះ ដើម្បីផលិត ផ្គត់ផ្គង់ និងចែកចាយថាមពលអគ្គិសនី។ ថាមពលអគ្គិសនី ជាផ្នែកដ៏សំខាន់មួយ ដែលបម្រើដល់តម្រូវការ ទាំងឧស្សាហកម្ម និងពលរដ្ឋប្រើប្រាស់ ។
លោកថា “កម្ពុជាយើងនៅខ្វះ ថាមពលអគ្គិសនីច្រើនណាស់ ហើយតម្លៃក៏នៅថ្លៃដែរ ដូច្នេះគម្រោងវិនិយោគ ក្នុងគោលបំណងធំជាងគេហ្នឹង គឺដើម្បីផ្គត់ផ្គង់អគ្គិសនី ឬក៏បំពេញបង្ក្របតម្រូវការ អគ្គិសនីដើម្បីឈាន ទៅដល់ ការជំរុញនូវសន្តិសុខ ផ្នែកថាមពល” ។
លោកថា ពេលណាមានថាមពលអគ្គិសនី បំពេញតម្រូវការគ្រប់គ្រាន់ ហើយនោះ ទើបប្រទេសជាតិ អាចសម្រចបាននូវផែនការផ្សេងៗ។ លោកថា នេះជាគោលដៅធំ មិនមែនតែកម្ពុជាមួយនោះទេ ប្រទេសណាក៏គេធ្វើបែបហ្នឹងដែរ ។
ដោយឡែក អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការនិយាយថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ថា ជាការបម្រើនយោបាយគម្រោង ផែនការខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរបស់ចិន គឺជាការនិយាយលាបពណ៌ លំអៀងនយោបាយ” ។
លោក សុខ ឥសាន បន្តទៀតថា ការកសាងទំនប់វារីអគ្គិសនីនីមួយៗ សុទ្ធតែមានការសិក្សាស្រាវជ្រាវជាមុន ហើយវាយតម្លៃពីផលចំណេញ និងផលប៉ះពាល់ បើមានផលចំណេញច្រើនជាង គឺយកជាឧត្តមភាពសាងសង់ហើយ ។ លោកថា ចំពោះការប៉ះពាល់ពលរដ្ឋ ដែលធ្លាប់រស់នៅក្បែរទំនប់សេសាននោះ គឺរាជរដ្ឋាភិបាលកម្ពុជា បានគិតគូពីការលំបាក់របស់ប្រជាជនខ្មែរ ដោយផ្តល់សំណងយ៉ាងត្រឹមត្រូវ។
លោកថា ប្រជាជន ភាគច្រើនយល់ព្រមទទួលយក គោលនយោបាយ ពីរាជរដ្ឋាភិបាល អ្នកដែលមិនព្រមទទួលយក គោលនយោបាយ មានចំនួនតិចតួច ៕