ព័ត៌មានជាតិ

សម្ដេចតេជោ៖ ចំការមៀនរបស់មន្ត្រីស៊ីវិល កម្លាំងប្រដាប់អាវុធ របស់ឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពាក្យ”ទិញពីកសិករ” សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។

នៅលើគេហទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែ ន បានលើកឡើងថា «ថ្មីៗនេះខ្ញុំបានចេញបញ្ជា ឱ្យនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ដឹកនាំ កម្លាំងទៅប្រមូលទិញផ្លែមៀន ពីកសិករដែល មិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយក ទៅចែកជូន កងទ័ព នគរបាលអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទាន ដោយមិនគិតថ្លៃ»។

សម្ដេចបន្តថា «នេះជាវិធីដោះទាល់ក្នុងកាលទេសៈ ដ៏លំបាកកុំឱ្យ កសិករក្រីក្រយើងខា តបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ ក៏មិនប្រើថវិកាជាតិ ដើម្បីទិញនោះដែរ។ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ ពាក្យ(ទិញពីកសិករ) សំដៅដល់កសិករក្រីក្រ
ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង»។

សម្ដេចបញ្ជាក់ថា «ខ្ញុំអាចបញ្ចាំផ្ទះយកលុយ ទៅទិញពីកសិករដែលកំពុងជួប ការលំបាកតែខ្ញុំពុំមានលទ្ធភាព ជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង៕

To Top