ព័ត៌មានជាតិ

ផ្លូវដែល តាលីបង់ត្រូវទៅ គឺប៉ាគីស្ថាន រុស្ស៊ី និងចិន

ភ្នំពេញ ៖ ផ្លូវដែលតាលីបង់ត្រូវទៅ ក្រោយជោគជ័យ លើការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននោះ គឺប៉ាគីស្ថាន រុស្ស៊ី និងចិន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។

លោកថា បច្ចុប្បន្ន ថ្វីត្បឹតតាលីបង់កាន់កាប់ ប្រទេសអាហ្វហ្គានីស្ថាន ដោយមិនច្បាំងមែន តែតាលីបង់ត្រូវតែខិតខំធ្វើឲ្យស្ថានការណ៍មានភាពប្រក្រតីឡើងវិញ និងបង្កើនទំនាក់ទំនងឲ្យមានការទទួលស្គាល់ពីអន្តរជាតិឡើងវិញ ពិសេស កៅអីអង្គការសហប្រជាជាតិ ។

លោកបន្តថា បេសកកម្មនេះ ពិតជាលំបាកណាស់សម្រាប់តាលីបង់ ព្រោះតាលីបង់កំពុងតែជាប់ក្នុងបញ្ជីខ្មៅនៅឡើយ ជាអង្គការភេរវកម្មអន្តរជាតិ ។ បរាជ័យក្នុងការផ្ទេរអំណាច ។ លោកខាងលិច មាន សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ ឥណ្ឌា បាននិងកំពុងបដិសេធមិនទទួលស្គាល់ លើកលែងតែ ចិន រុស្ស៊ី ប៉ាគីស្ថាន អារ៉ាប់ប៊ីស៊ែអូឌីត និង អារ៉ាប់អេមីរ៉ាត់។ ធនាគារកណ្តាល របស់អាមេរិក បង្កកប្រាក់របស់អាហ្វហ្គានីស្ថានទាំងអស់។ អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានប្រកាសតស៊ូដោយមិនព្រមចុះចាញ់ ។

លោក ហេង វណ្ណដា បន្ថែមថា បច្ចុប្បន្ន បើគិតពីការធ្វើឲ្យមាននយោបាយស្ថេរភាព សេដ្ឋកិច្ច និងសង្គម ទាល់តែមហាអំណាចទាំង៤+១ យល់ព្រម រួមមាន ៖ អាមេរិក អឺរ៉ុប រុស្ស៊ី ចិន និងប៉ាគីស្ថាន។ ប៉ុន្តែ មហាអំណាចទាំង៤ កំពុងញេញធ្មេញដាក់គ្នានៅ សមុទ្រខ្មៅ និងសមុទ្រចិនខាងត្បូង។ បើចង់ឲ្យអាមេរិក-អឺរ៉ុប ទទួលស្គាល់ ទាល់តែយល់ព្រមបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ ចំណុចនេះ តាលីបង់មិនយលើព្រមដាច់ខាត។

លោកសង្កត់ធ្ងន់ថា “ហេតុនេះ ផ្លូវដែលតាលីបង់ត្រូវទៅ គឺ ប៉ាគីស្ថានរុស្សី និង ផ្លូវសូត្រ(BRI)ចិន ដែលមិនមែន3BW របស់G7នោះទេ។ ប្រើអំណាចគ្រប់គ្រងទន់ភ្លន់ ដើម្បីគេចផុតពីការទម្លាក់គ្រាប់បែក B-52 ដែលកំពុងបោះទីតាំនៅក្បែរនោះស្រាប់”។

សូមបញ្ជាក់ថា ប្រទេសទាំង៣នេះ បានបង្ហាញចេតនាអារម្មណ៍គាំទ្រក្រុមតាលីបង់ ព្រោះមិនបានដកទូតចេញពីអាហ្វហ្គានីស្ថាននោះទេ ដោយប្រទេសទាំង៣បានរក្សាជំហរចង់ចរចាជាមួយតាលីបង់ ខណៈបណ្តាប្រទេសផ្សេងៗបានដកទូតនិងនាំយកមន្រ្តីទូតចេញជាបន្តបន្ទាប់ ក្រោយតាលីបង់បានប្រកាសពីជ័យជំនៈរបស់ខ្លួន ៕

To Top