ព័ត៌មានជាតិ

រដ្ឋាភិបាលអូស្ដ្រាលី មានថវិកាគាំទ្រ​ ជាង៩០លានដុល្លារ សម្រាប់វិស័យមួយ ចំនួននៅកម្ពុជា

ភ្នំពេញ ៖ លោក PABLO KANG ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ ក្នុងរយៈពេល៥ ឆ្នាំបន្ទាប់ទៀតនៅកម្ពុជា គឺអូស្រ្តាលីមានថវិកា គាំទ្រជាង៩០លានដុល្លារ ដែលនឹងផ្តោតលើកកម្មវិធី មួយចំនួន ក្នុងជំហានបន្ទាប់នៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក PABLO KANG លើកឡើង ពីវឌ្ឍនភាព នៃគម្រោងនានា ដែលទទួលបានការគាំទ្រ ដោយរដ្ឋាភិបាលអូស្ត្រាលី ដូចជា ៖ គំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ-អូស្ត្រាលី (Mekong-Australia. Partnership) , មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលី សម្រាប់ទឹក និងប្រព័ន្ធធារាសាស្ត្រ (Mekong-Australia Centre for Water and Irrigation), ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងការវិនិយោគកសិ-ចំណីអាហារ។

លោកក៏បានលើកឡើងនូវសំណើផ្ដល់គាំទ្រដល់កម្ពុជា លើកិច្ចការមួយចំនួនទៀត ដូចជា៖ ការសិក្សាបុរសមិទ្ធិក្នុងការ បង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជា ក្នុងធ្វើប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ។

លោកបានបញ្ជាក់ថា «កម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លារអូស្ត្រាលី និង អាទិភាពសំខាន់ៗ ដែលនឹងផ្តោតសម្រាប់ កម្មវិធីជំហានបន្ទាប់នេះ» ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកអគ្គរាជទូត លោក អូន ព័ន្ធមុនីរត្ន័ បានអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ កន្លងមក ។ លោក ក៏បានសម្ដែងនូវសេចក្ដីរីករាយ និងការគាំទ្រចំពោះសំដៅបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមដល់កម្ពុជា និង កម្មវិធីអភិវឌ្ឍន៍ក្នុង ជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី ផងដែរ៕

To Top