បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការណែនាំដល់យុវជន ផ្ដាច់សារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:យុវជនទាំងនោះ កំពុងតែមានការឆ្លងនូវជំងឺកូវីដ១៩ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា យុវជនផ្ដាច់ញៀនទាំងអស់ សូមរក្សានូវរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ ហាមបង្កើត ភាពចលាចល ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យជំនាញ រៀបចំចាត់បញ្ជូនអ្នក ដែលមានជំងឺកូវីតទៅព្យាបាល ឱ្យបានទាន់ពេលវេលា ។ អាជ្ញាធរនិងសមត្ថកិច្ច កំពុងរៀបចំ ដោះស្រាយជូនហើយ មិនទុកឱ្យប្អូនៗណាម្នាក់ស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែង ដោយគ្មានការព្យាបាលនោះទេ ។
គួរបញ្ជាក់ថា យុវជនបន្សាបសាធាតុញៀន មណ្ឌលជីវិតថ្មីភ្នំបាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានយុវជនផ្ដាច់ញៀន កើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ក្នុងនោះស្រី៣០នាក់ ។
បច្ចុប្បន្នពួកគេត្រូវ បានអាជ្ញាធរ នឹងសមត្ថកិច្ចបញ្ជូន ទៅព្យាបាលជាបន្តបន្ទាប់ ខ្លះត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល ក្នុងក្រុងសិរីសោភ័ណ និងមួយចំនួនបញ្ជូន ទៅមណ្ឌលព្យាបាល នៅក្រុងប៉ោយប៉ែត ៕