ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ដល់ព័ត៌មាននៃ ប.ស.ស. ដែលកន្លងមកកិច្ចប្រជុំពិភាក្សាទាក់ទងទៅនឹង ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាន នៃ ប.ស.ស. បានប្រព្រឹត្តិទៅជាច្រើន លើករួចមកហើយ។
ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ លោកអគ្គនាយកបានថ្លែងថា៖ បច្ចុប្បន្នប្រព័ន្ធផ្តល់ព័ត៌មាន (Hotline) ប.ស.ស. គឺជាប្រព័ន្ធធម្មតា ដែលឆ្លើយតបជាសម្លេងអន្តរកម្ម (Interactive Voice Response) ដោយមិនទាន់មានលក្ខណៈទូលំទូលាយឆ្លើយតប តាមតម្រូវការចាំបាច់ របស់សមាជិក ប.ស.ស. បានទាន់ពេលវេលានៅឡើយ ដូច្នេះដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មាន បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងបន្តរៀបចំ ឱ្យមានប្រព័ន្ធរក្សាទុកទិន្នន័យ (Backup Server) ព្រមទាំងសិក្សារៀបចំ តបណ្តាញទូរស័ព្ទបន្ថែមទៀត។
លោក បានបញ្ជាក់ទៀតថា៖ ការអភិវឌ្ឍមជ្ឈមណ្ឌល ផ្តល់ព័ត៌មាន ប.ស.ស. លើប្រព័ន្ធផ្តល់ព័ត៌មាន (Hotline) លេខ ១២៨៦ ដែល ប.ស.ស. បាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន កំពុងត្រូវបានសិក្សា និងអភិវឌ្ឍន៍កម្មវិធីថ្មី ដើម្បីឱ្យក្លាយជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ពេញលេញមួយដែលមាន លក្ខណៈស្តង់ដារ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអគ្គនាយក បានបញ្ជាក់បន្ថែមទៀតថា៖ បច្ចុប្បន្ន ប.ស.ស. ក៏បានបង្កើតកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា “NSSF Member App” ដំណើរការទាំងប្រព័ន្ធប្រតិបត្តិការ Android និង IOS ដែលកម្មវិធីទូរស័ព្ទដៃមួយនេះ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល និងអនុញ្ញាតឱ្យសមាជិក ប.ស.ស. ទាំងអស់អាចចូលទៅ ពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន, ពិនិត្យមើលសុពលភាពប័ណ្ណសមាជិក ប.ស.ស. របស់ខ្លួន, ពិនិត្យមើលប្រវត្តិ នៃការបង់ភាគទាន, ពិនិត្យមើលព័ត៌មាននៃការចូលប្រើប្រាស់ សេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. និងអាចពិនិត្យមើលព័ត៌មានផ្សេងៗ ជាច្រើនទៀត បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
លោកអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះអង្គការអន្តរជាតិ និងអង្គភាពពាក់ព័ន្ធនានា ពិសេសអង្គការហ្រ្គេត (GRET), កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), និងអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់ការគាំទ្រមកលើ ប.ស.ស. ទាំងការងារបច្ចេកទេស ទាំងផ្នែកធនធានមនុស្ស និងផ្នែកហិរញ្ញវត្ថុជាដើម ក្នុងការចូលរួម អភិវឌ្ឍវិស័យសន្តិសុខសង្គមកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តីបច្ចេកទេសជំនាញ និង អ្នកជំនាញការរបស់ ប.ស.ស. រួមទាំងតំណាងអង្គការហ្រ្គេត (GRET) និងតំណាង GIZ មួយចំនួនផងដែរ៕