នយោបាយ

លោក សុខ ឥសាន ៖ បុគ្គលហុង លីម ចង់យកអូស្ត្រាលី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយកាងមិនឲ្យពលរដ្ឋខ្មែរទៅ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា លោក ហុង លឹម អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ចង់យកប្រទេសអូស្ត្រាលី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយ ទើបបានជាកាង មិនឲ្យប្រជាពលរដ្ឋខ្មែរចូលទៅក្នុងទឹកដីនេះ ។

លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាមនាថ្ងៃ២០ សីហាថា “លោកហុង លីម នៅអូស្ត្រាលីខ្លាច និងវង្វេងរហូតមិនចង់ឲ្យពលរដ្ឋខ្មែរទៅចូលស្រុកអូស្ត្រាលី ។ ហុង លីម នៅអូស្ត្រាលីវង្វេងចង់យកអូស្ត្រាលី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ចង់កាងមិនចង់ឲ្យនរណាទៅអូស្ត្រាលី” ។

លោកថា លោក ហុង លីមអះអាងថា មិនចង់រករឿងគេ តែខ្លួនឯងវិញទេ ចេះតែរករឿងគេឯងអត់ឈប់ ។

ការថ្លែងរបស់លោក សុខ ឥសាន នេះ ក្រោយពីវិទ្យុអាស៊ីសេរីចុះផ្សាយថា “លោក ហុង លីម កំពុងសិក្សាផ្លូវច្បាប់ប្ដឹងក្រុមលោក គឹម សន្តិភាពដែលយកឥទ្ធិពលបក្សកាន់អំណាច បង្កបញ្ហានៅប្រទេសអូស្ត្រាលី និងធ្វើឲ្យខ្មែរនៅទីនោះបែកបាក់គ្នា។ លោក ហុង លីមថា ដើម្បីមានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការចោទប្រកាន់ក្រុមលោក គឹម សន្តិភាព ដែលតំណាងឲ្យគណបក្សគណបក្សប្រជាជនកម្ពុជាទៅចាក់ឬសគល់វប្បធម៌នយោបាយផ្ដាច់ការនៅប្រទេសអូស្ត្រាលី លោកបានជជែកជាមួយអ្នកច្បាប់ ហើយលោកគ្រោងនឹងយកបញ្ហានេះទៅប្រាប់តំណាងរាស្ត្រអូស្ត្រាលីក្នុងតំបន់របស់លោកឲ្យដឹងពីរឿងនេះ ” ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានទាក់ទងទៅលោក គឹម សន្តិភាព ដើម្បីឆ្លើយតបករណីនេះ តែលោកមិនលើកទូរស័ព្ទ៕

To Top