ភ្នំពេញ ៖ ម្ចាស់ចំការដាំដុះផ្លែតាង៉ែន បានសម្តែងការត្រេកអរ ដែលបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោមកទិញដល់ចំការ ទោះបីជាមិនបានថ្លៃ តែក៏បានថ្លៃដើមមកវិញ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ កំពុងជួបបញ្ហាដោយសារកូវីដ១៩ ។
ស្រ្តីជាម្ចាស់ចំការដែលលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង ចុះទៅទិញតាង៉ែនដល់ចំការ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃ១៩ សីហា បានថ្លែងដោយក្តីសប្បាយត្រេកអរ ដោយមិននឹកស្មានថា សម្តេចតេជោបានបញ្ជាចុះទិញមៀន ឬតាង៉ែន ។ លោកស្រីថា កាលពីមិនទាន់ មានកិច្ចអន្តរាគមន៍ពីសម្តេច គឺលោកស្រីអស់សង្ឃឹមតែម្តង ហើយថា ទោះជាការទិញនេះ មិនបានចំណេញច្រើន តែក៏បានរួចថ្លៃដើម នៃការចំណាយដាំដែរ ។
លោកស្រីបញ្ជាក់ថា “វាមិនរួចខ្លួន តែខ្ញុំក៏បានដើមមកវិញខ្លះដែរ ថ្ងៃមុនអ្នកដែលត្រូវបេះ គឺអត់បានបេះសោះ សូម្បីតែចំការមៀន រាប់រយតោនក៏ដោយ ព្រោះកាលនោះ អត់មានទីផ្សារ ដែលត្រូវលក់ចេញ ។ ពេលនោះ នៅភ្នំពេញត្រូវបិទ ដូច្នេះអត់មានពលរដ្ឋមកទិញទេ ដូចនេះគឺនៅសល់លក់ មិនចេញពីចំការតែម្តង សូម្បីតែឈ្មួញក៏បានមកទិញដែរ ដោយសារតែការបិទខ្ទប់” ។
លោក ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ នឹងយកទៅចែកជូន កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ដើម្បីជួយរំលែកកុំឲ្យប្រជាកសិករខាតបង់ច្រើន ។ លោកថា ការចុះប្រមូលទិញនេះ មិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យដឹងដែរថា លោកបានណែនាំដល់រដ្ឋបាលស្រុកទាំង៦ របស់ខេត្តដែលមានដាំដំណាំផ្លែមៀនប៉ៃលិន ឬផ្លែតាង៉ែន គឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ ព្រមទាំងស្រុកមួយ ចំនួនទៀត ជូនដំណឹងពីការទិញនេះ ដើម្បីឲ្យពួកគាត់បានដឹង ខ្លួនជាមុន។
សូមបញ្ជាក់ថា តាមរយៈនៃការចុះទិញផ្លែតាង៉ែន របស់ក្រុមការងារ បានកំណត់យកតម្លៃ ព្រមព្រៀងគ្នានៅនឹងចម្ការផ្ទាល់ គឺ១៨០០រៀល ក្នុងមួយគីឡូក្រាម ដោយឡែកបើដឹកទៅដល់ទីតាំង នៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង មានតម្លៃ២៥០០រៀល ក្នុងមួយគីឡូក្រាម តែផ្លែតាង៉ែនទាំងអស់ ត្រូវបានកាត់តែងឲ្យបានស្អាតត្រឹមត្រូវ ដូចការវេចខ្ចប់សម្រាប់យកទៅលក់លើទីផ្សារ និងការនាំចេញផងដែរ ៕