ព័ត៌មានជាតិ

ប្រកាស ចូលកាន់តំណែង ប្រធាន គណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ស្រុកចំការលើ

កំពង់ចាម ៖ ក្នុងពិធី ប្រកាស លោក សំ ពិសិដ្ឋ ចូលកាន់តំណែងជាប្រធាន គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ស្រុកចំការលើ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ផ្តាំផ្ញើ ឱ្យលោកប្រធាន ទើបប្រកាសចូលកាន់តំណែង ខិតខំបន្ថែមទៀត នូវការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពោលគឺរក្សាអោយបាន នូវសុខសន្តិភាព ឱ្យមាននិរន្តរភាពយូរអង្វែង ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ដោយសារតែមានបទពិសោធន៍ នាពេលកន្លងទៅ ចំពោះឥរិយាបថមន្ត្រីមួយចំនួនតូច មានការឆ្គាំឆ្គង ទៅលើប្រជាពលរដ្ឋ ក្នុងពេលចុះបំពេញ ភារកិច្ចនៅតាមបណ្ដា ស្រុកមួយចំនួន ដូច្នេះក្នុងឱកាសនេះ សូមឱ្យ លោកប្រធាន គណបក្សស្រុក ទើបចូល កាន់តំណែង និង ជាអភិបាលស្រុកចំការលើផងនោះ សូមធ្វើការកែប្រែឥរិយាបថមន្ត្រី ដែលមានចំណុច ខ្វះខាតប្រសិនបើមាន ដោយអោយពួកគាត់រៀបចំ ឥរិយាបថ ឲ្យសមជាអ្នកបម្រើសេវា ជូនប្រជាពលរដ្ឋ ជៀសវាងការយកអំណាច រំលោភបំពានទៅលើ ប្រយោជន៍ប្រជាពលរដ្ឋ ។

ទាក់ទងទៅនឹង ការផ្ដល់សេវា លោកអភិបាលខេត្ត សូមអោយអាជ្ញាធរ ស្រុកខិតខំបន្ថែមទៀត ក្នុងការផ្ដល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស តាមរយៈការិយាល័យ ច្រកចេញចូលតែមួយ ជាពិសេសក្រុមមន្ត្រី គឺធ្វើយ៉ាងណាឲ្យស្រប ទៅតាមការណែនាំ របស់ក្រសួងមហាផ្ទៃ ដែលកំណត់កំពីលក្ខខណ្ឌផ្ដល់សេវា និង ការលើកលែងការទារ កម្រៃសេវា ៕

To Top