ព័ត៌មានជាតិ

WCS សោកស្ដាយ​ ចំពោះការបាត់បង់ ពងសត្វក្រៀល ក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់ពីមានអ្នកលួច

ភ្នំពេញ ៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃ ប្រចាំដែនជម្រក សត្វព្រៃកែវសីមា នៃអង្គការ WCS បានសោកស្ដាយ ចំពោះការបាត់បង់ពងសត្វក្រៀល ក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់ពីមានអ្នកលួចយកទៅបាត់ ហើយក្រុមការងារ ក៏បានណែនាំ ប្រជាពលរដ្ឋ រស់នៅតំបន់នោះ ឲ្យការពារសត្វព្រៃ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ អង្គការ WCS បានឲ្យដឹងថា សត្វក្រៀល ជាប្រភេទងាយ រងគ្រោះ ច្រើនរស់នៅ រកស៊ី និងធ្វើសំបុកពងកូន តាមតំបន់ដីសើម និងតំបន់វាលស្មៅ ។ របាយសត្វក្រៀល មាននៅភាគខាងជើង នៃប្រទេសឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ និងភាគខាងជើង នៃប្រទេសអូស្ត្រាលី ។

អង្គការ WCS បានបន្ដថា នៅកម្ពុជា សត្វក្រៀលមានវត្តមានច្រើនបំផុត នៅតាមតំបន់ការពារទេសភាព ភាគខាងជើង ដែលអង្គការWCS កំពុងអនុវត្តសកម្មភាពអភិរក្សនៅទីនោះ ដើម្បីការពារសម្បុកពងកូន របស់ប្រភេទនេះ តាមរយៈកម្មវិធីតាមដាន និងការពារសម្បុក ។

ផ្ទាំងពាណិជ្ជកម្ម

អង្គការ WCS បានបញ្ជាក់ថា «កាលកន្លងទៅ ក្រុមការងារស្រាវជ្រាវ សត្វព្រៃប្រចាំដែន ជម្រកសត្វព្រៃកែវសីមា នៃអង្គការWCS បានទទួលព័ត៌មាន ពីសហគមន៍តាមទូរស័ព្ទ ដែលបានរាយការណ៍ថា ពួកគាត់បានឃើញសត្វក្រៀល និងសម្បុករបស់វា មានពងពីរនៅទីនោះ។ ពីរថ្ងៃបន្ទាប់មក ក្រុមការងារ បានទៅដល់ទីនោះ ដើម្បីចាប់ផ្តើមផែនការការពារសម្បុក ក៏ប៉ុន្តែគួរឲ្យសោកស្តាយពងទាំងពីរនោះ ត្រូវគេលួចបាត់»។

ដោយផ្អែកលើ ហេតុការណ៍នេះ អង្គការ WCS បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដោយសហការយ៉ាងជិត ស្និទ្ធជាមួយ សហគមន៍មូលដ្ឋាន ដើម្បីធ្វើការ អប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងអំពីការ ការពារសម្បុកសត្វ និងសារៈសំខាន់របស់ប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា ៕

To Top
×