ព័ត៌មានជាតិ

អ៊ីរ៉ង់ មានឆន្ទៈចូលរួម ក្នុងការចរចានុយក្លេអ៊ែរ ប៉ុន្ដែត្រូវធ្វើឡើង ដោយសមហេតុផល

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសថ្មីលោក Hossein Amir-Abdollahian បានលើកឡើងថា អ៊ីរ៉ង់មានឆន្ទៈចូលរួម ក្នុងការចរចានុយក្លេអ៊ែរ ដែលសមហេតុផលដែល បម្រើផលប្រយោជន៍ប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ ដែលមានគោលបំណង បង្កើនការជឿជាក់របស់សភា នៅក្នុងសុន្ទរកថាមួយថា“ យើងនឹងមិនរត់ចេញពី តុចរចាសមហេតុផលមួយ ដែលមានអំណាច និងប្រាជ្ញានោះទេ ប៉ុន្តែយើងនឹងមិនចង ក្រសួងការបរទេសទៅនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ឡើយ” ។

កើតនៅឆ្នាំ១៩៦៤ លោក Amir-Abdollahian គឺជាអ្នកការទូតជើងចាស់ ដែលបានបម្រើការជា អនុរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកកិច្ចការអារ៉ាប់និងអាហ្រ្វិក។ លោកក៏ដឹកនាំគណៈប្រតិភូចរចាអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំត្រីភាគីរវាង អ៊ីរ៉ង់-អ៊ីរ៉ាក់-អាមេរិក ផងដែរនៅទីក្រុងបាកដាដ ក្នុងឆ្នាំ២០០៧ ។

លោកត្រូវបានប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី ជ្រើសរើសជាអ្នកការទូតកំពូល របស់ប្រទេសដើម្បីជំនួសលោក Mohammad Javad Zarif ហើយការតែងតាំងរបស់ប្រធានាធិបតី នៅតែរង់ចាំការអនុម័តពី សភាបន្ថែមទៀតតែប៉ុណ្ណោះ។

លោក Amir-Abdollahian បានសន្យាថា ប្រសិនបើការតែងតាំងរបស់លោក ត្រូវបានអនុម័តលោក នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបន្សាបផលប៉ះពាល់ នៃទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក ហើយឱ្យពួកគេដកខ្លួនចេញនៅទីបំផុត។

លោកក៏បានកត់សម្គាល់ផងដែរថា លោកនឹងមិនខ្ជះខ្ជាយពេលវេលាក្នុង “ការចរចាររលួយ” ឬការចរចា ដែលបរាជ័យ ក្នុងការបម្រើផលប្រយោជន៍ ប្រជាជនអ៊ីរ៉ង់នោះឡើយ ៕

ដោយ ឈូក បូរ៉ា

To Top