Covid-19

លោកស្រី ឱ វណ្ណឌីន ឲ្យអាជ្ញាធររាជធានី-ខេត្ត កៀងគរពលរដ្ឋមកចាក់វ៉ាក់សាំង ក្រោយពីគោលដៅ ១០លាននាក់ មិនទាន់គ្រប់តាមផែនការ

ភ្នំពេញ៖ លោក ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើឲ្យអភិបាលរាជធានី-ខេត្ត ត្រូវកៀងគរប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីមិនទាន់បាន គ្រប់តាមផែនការគ្រោងទុក ចំនួន ១០លាននាក់នៅឡើយ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន បានថ្លែងថា «សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាម ផែនការដែលបានគ្រោងទុក ចំនួន១០លាន នាក់នៅឡើយ ដែលតម្រូវឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តឲ្យបានទាន់ពេលវេលា នៅតាមទីតាំងដែលកំពុង ដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះឲ្យបានគ្រប់ៗគ្នា»។

លោកស្រី ក៏បានពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង មួយចំនួនមិនទាន់បានមកចាក់ វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិត ដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត) ដូចនេះ អភិបាលរាជធានី-ខេត្ត ត្រូវចាត់ចែងរៀបចំជាប់ជាប្រចាំ ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួល ទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៩,៧១៧,២៥៨នាក់៕

To Top