Covid-19

វ៉ាក់សាំង ៥០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជា

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំង ៥០ម៉ឺនដូស នារសៀលថ្ងៃនេះ ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ, លោក WANG Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា, មន្ដ្រីក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ និងកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រឹមចុង ឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៩,៧១៧,២៥៨នាក់។

ដោយឡែក យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បាន ចំនួន ៩៩១,២១៥នាក់ បើគិតត្រឹមថ្ងៃទី២២ សីហា៕

To Top