ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ចំនួន៤១០.៧៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានផ្ដល់ការអន្តរាគមន៍ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចំណាយថវិការដ្ឋ ១,៦៤៣,០៦២,៩៨៦,០០០.០០ រៀល ស្មើនឹង ៤១០.៧៧ លានដុល្លារអាមេរិក»។
ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៦ លើកទី២ ដោយចាប់ផ្តើមពីថ្ងៃទី២៥ សីហា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានរយៈពេល ៣០ថ្ងៃ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរ ការអនុវត្តកម្មវិធី កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ បានចំនួន ៦ជុំ មាន ១៤លើក រួចមកហើយ ៕