ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ៖ ចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ អាចបង្កើនការឆ្លើយតប ប្រឆាំងមេរោគ ដែលតា និងប្រភេទបំប្លែងខ្លួនថ្មីៗផ្សេងទៀត (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ឬដូសទី៣ អាចបង្កើនភាពឆ្លើយតប នៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។

រាជរដ្ឋាភិបាល បានបន្ដថា «ទឡ្ហីករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

ប្រភពបន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ ដោយជំងឺកូវីដ-១៩ និងបានបញ្ចៀសកម្ពុជា ពីគ្រោះមហន្តរាយបណ្តាល មកពីជំងឺកូវីដ ព្រមទាំងធ្វើឲ្យសភាពការណ៍ បច្ចុប្បន្ននៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បាននាំមកនូវបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយសារមេរោគ បំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ឮធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន»។

រាជរដ្ឋាភិបាលបន្ថែមថា ផ្អែកលើទឡីករណ៍វិទ្យាសាស្ត្រខាងលើនេះ និងយោងតាមប្រភពព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈ ប្រទេស ជាច្រើន រួមមាន ៖ អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, រុស្ស៊ី, ឈីលី, បារាំងអង់គ្លេស, អាល្លឺម៉ង់, អូទ្រីស ជាដើម បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីទប់ទល់ ជាមួយនឹងការវាយលុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។

រាជរដ្ឋាភិបាល ក៏បានអះអាងថា សម្រាប់កម្ពុជា ទន្ទឹមនឹងការ សម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ Astra Zeneca ដើម្បីចាក់ជាដូសជំរុញ ដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា កាលពីដើមខែ សីហា នោះ ក្រុមការងារជំនាញ ក៏បានសិក្សាស្រាវជ្រាវរកឃើញថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នា ក៏ដោយ មិនបង្កឲ្យមាន ផលរំខានច្រើនលើស ពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ ហើយចាក់ដូសជំរុញនេះថែមទាំង អាចបង្កើនបានប្រព័ន្ធការពាររាង កាយកាន់តែរឹងមាំ ក្នុងការទប់ទល់មេរោគកូវីដ-១៩ ប្រភេទដែលតា និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ៕

To Top