ភ្នំពេញ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នឹងត្រូវដាក់ឲ្យដំណើរការ ជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ក្រសួង-ស្ថាប័ន ចូលរួមក្នុងការងារចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ និងដំណាក់កាលទី ២ តំណាង សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូត និងគ្រឹះស្ថានសិក្សា ផងដែរ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៥ សីហា នេះ បានគូសបញ្ជាក់ដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួច ជាកញ្ចប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ។
ប្រភពដដែលបន្ដថា ក្នុងដំណាក់កាលទី ១ ប្រព័ន្ធបានគ្របដណ្តប់លើការ ចុះបញ្ជីពាណិជ្ជកម្មរបស់ ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាសជូនដំណឹង បើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០។
ដោយឡែក ក្នុងដំណាក់កាលទី២នេះ ប្រព័ន្ធនឹងពង្រីកវិសាលភាព ដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ តាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមាន តួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។ ក្នុងនោះ ក្រសួង-ស្ថាប័ន ចំនួន ៤ បានចូលរួមក្នុងដំណាក់កាល ទី ២ នេះ រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សូមជម្រាបថា ក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ នឹងមានការផ្សាយផ្ទាល់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕