ព័ត៌មានជាតិ

កម្ពុជា-អូស្រ្តាលី ដាក់ឲ្យប្រើប្រាស់លទ្ធផល ការសិក្សាស្រាវជ្រាវ ទីផ្សារសម្រាប់ផលិតផលកសិកម្ម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី «ទីផ្សារសម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជា» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលបានបង្ហាញអំពីផលិតផល កសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន៩មុខ រួមមាន ៖ ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងង ស្ករត្នោត និងចេកក្រៀម សម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធ។

លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្ត ៖ ការបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ, ការងារអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ការងាររៀបចំយុទ្ធសាស្រ្តទាញ យកអត្ថប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការងារអាទិភាពផ្សេងទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនិងបន្ទាប់ពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងថា វិស័យកសិកម្មបានផ្តល់ឲ្យកម្ពុជានូវស្ថិរភាពដែលត្រូវការជាចាំបាច់ក្នុងកំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។

លោកបន្ដថា ការសិក្សារបស់ CAVAC លើផលិតផល កសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើន នាពេលអនាគត តាមរយៈការលើកទឹកចិត្ត វិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកប ដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី ទាំងនេះនឹងជួយធ្វើឲ្យវិស័យ កសិកម្មមានភាពធន់ និងការប្រកួតប្រជែង៕

To Top