កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១នេះ បានអញ្ជើញចុះពិនិត្យស្រាវជ្រាវ រកទីលាន ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម សម្រាប់ធ្វើជាទីកន្លែងចាក់សំរាម ក្នុងក្របខណ្ឌខេត្តកំពង់ចាម ។
លោក នួន គងសល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ចាមបានចុះសិក្សាទីលានសម្រាប់ចាក់សំរាមនេះ២គោលដៅ ១កន្លែងស្ថិតនៅក្នុងស្រុកកងមាស និងមួយកន្លែងទៀតស្ថិតក្នុងស្រុកកំពង់សៀម ។
លោកប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងទៀតថា ទាំង២ទីតាំងនោះ គឺមានតែដីនៅចំណុចដីទួល ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម គ្រប់គ្រងដោយរដ្ឋ មានទំហំប្រមាណជាង ១០ហិកតា ដែលទំហំនេះ ត្រូវជាមួយស្តង់ដា របស់ខាងម្ចាស់គម្រោង ADB ដោយគាំទ្រដោយក្រសួងបរិស្ថាន ។
លោក នួន គងសល្យ បានបញ្ជាក់ថា ទីលាននៅក្នុងស្រុកកំពង់សៀមនេះ មានលក្ខណៈអំណោយផលគ្រប់គ្រាន់ សម្រាប់ធ្វើទីលានចាក់សំរាមស្តង់ដា ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដោយហេតុថា ទីតាំងនោះ ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានផលប៉ះពាល់បរិស្ថានដល់ប្រជាពលរដ្ឋនោះទេ ។
លោកប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងផងដែរថា បច្ចុប្បន្នសម្រាប់ខេត្តកំពង់ចាមមិនទាន់មានពីរលានសម្រាប់ចាក់សំរាមទៅតាមស្តង់ដារនោះទេ ពោលគឺ នៅប្រើប្រាស់ទីលានចាស់របស់ក្រុមហ៊ុនស៊ីនទ្រី ស្ថិតក្នុងឃុំបុកខ្នុរ ស្រុកចំការលើ ។