អ្នកស្រីអនុប្រធានាធិបតី Kamala D. Harris នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ បានសម្ពោធការិយាល័យ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម នៅក្នុងពិធីមួយដែលមានការចូលរួមផងដែរ ពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក ប្រធាន CDC សហរដ្ឋអាមេរិក មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន ១១។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានស្ថានទូតអាមេរិក ប្រចាំកម្ពុជា។
ការិយាល័យប្រចាំតំបន់ថ្មីមួយនេះ នឹងពង្រឹងសមត្ថភាពរបស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងការការពារជនជាតិអាមេរិកនិងប្រជាជននៅក្នុងតំបន់ ដោយធ្វើការឆ្លើយតប បានឆាប់រហ័សទៅនឹងការគំរាមកំហែងផ្នែកសុខភាព រាល់ពេលដែលវាកើតមានឡើង ហើយកសាងទំនាក់ទំនង ជាគន្លឹះសម្រាប់ដោះស្រាយ អាទិភាពរួមផ្នែកសុខភាព។
អ្នកស្រីអនុប្រធានាធិបតី Harris បានធ្វើការបញ្ជាក់បន្ថែម លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខនៃសុខភាពនៅក្នុងតំបន់ ហើយបានបន្តធ្វើការអំពាវនាវ ឲ្យមានសកម្មភាពក្នុងការឆ្លើយតប និងការត្រៀមខ្លួន ជាស្រេច ចំពោះរោគរាតត្បាតនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក លោក Xavier Becerra បានមានប្រសាសន៍ថា៖ «តាមរយៈការិយាល័យនេះ យើងនឹងធ្វើការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់នេះរបស់យើង ដើម្បីចែករំលែកយុទ្ធសាស្រ្ត និងពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក ដើម្បីធ្វើការបង្ការ តាមដាន និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺឆ្លង សម្រាប់ពេលនេះ និងពេលអនាគត។ ជោគជ័យនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់អស់រយៈពេលរាប់ឆ្នាំមកហើយ រវាងរដ្ឋាភិបាលរបស់យើង។ វាក៏តំណាងផងដែរ នៃឱកាសដ៏សំខាន់ ក្នុងការប្រមូលផ្តុំគ្នាដើម្បីធ្វើការពិភាក្សាពីអាទិភាពរួមផ្នែកសន្តិសុខនៃសុខភាពនៃប្រទេសរបស់យើង»។
លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធានទីភ្នាក់ងារ CDC បានមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ CDC របស់សហរដ្ឋអាមេរិកបានមានវត្តមា នយូរមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ ភាពជាដៃគូយូរអង្វែងរបស់យើងជាមួយប្រទេសនៅតំបន់អាស៊ាន បានពង្រឹងមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈ មជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់គ្រាបន្ទាន់ ប្រព័ន្ធតាមដាន ដែលសុទ្ធតែជាមធ្យោបាយចាំបាច់ នៅក្នុងអំឡុងពេលនៃការមាន រោគរាតត្បាត ក្នុងពេលនេះ។ ការិយាល័យថ្មីប្រចាំតំបន់នេះ នឹងពង្រឹងបន្ថែមលើកិច្ចសហការជាដៃគូ ដែលមានស្រាប់ ហើយជួយយើង ឱ្យកាន់តែរឹងមាំជាមួយគ្នាថែមទៀត»។
CDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការរបស់សហរដ្ឋអាមេរិកជាមួយមេដឹកនាំនៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាពរបស់តំបន់នេះក្នុងការបង្ការតាមដាន និងឆ្លើយតបទៅនឹងជំងឺឆ្លងនិងការគំរាមកំហែងថ្មីៗដទៃទៀត មកលើសុខភាព។ អាទិភាពសម្រាប់ការិយាល័យថ្មី ប្រចាំតំបន់នេះរួមមាន កសាងកម្លាំងអ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត ពង្រីកការបណ្តុះបណ្តាលផ្នែកមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បីកែលម្អសុខភាពសម្រាប់ប្រជាជនធ្វើចំណាកស្រុក និងប្រជាជនដែលធ្វើផ្លាស់ទីលំនៅ ធ្វើឲ្យមានការឆ្លើយតប ដោយមានការសម្របសម្រួលគ្នាចំពោះស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការ ក្នុងគ្រាបន្ទាន់ ដែលមានជាបណ្តាញហើយពង្រឹងប្រព័ន្ធព្រមានទាន់ពេលវេលាទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងដែលឆ្លងពីសត្វមកមនុស្ស។
លោកវេជ្ជបណ្ឌិត John MacArthur គឺជាប្រធានថ្មីនៃទីភ្នាក់ងារ CDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើការងារ គាំទ្រដល់ដំណើរការ និងសកម្មភាពនៅក្នុងប្រទេសចំនួន ១១ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។ ការិយាល័យ CDC អាមេរិក នៅកម្ពុជា គឺជាផ្នែកមួយរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ ដែលមានប្រធាន គឺអ្នកស្រីវេជ្ជបណ្ឌិត Rachel Albalak ហើយដើរតួនាទីសំខាន់ក្នុងវិស័យសុខភាពសាធារណៈ តាំងពីឆ្នាំ ២០០២ ដែលធ្វើការងារយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមទាំងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺកូវីដ ១៩។
ក្រៅពីការិយាល័យថ្នាក់តំបន់ នៅអាស៊ីអាគ្នេយ៍ CDC ថែមទាំងបានបង្កើត ក្នុងពេលថ្មីៗនេះ នូវការិយាល័យប្រចាំតំបន់ នៅអឺរ៉ុបខាងកើត/អាស៊ីកណ្តាល (ប្រទេសហ្សកហ្ស៊ី ឬ Georgia) តំបន់មជ្ឈឹមបូព៌ា/អាហ្វ្រិកខាងជើង (ប្រទេស អូម៉ង់) និង តំបន់អាមេរិកខាងត្បូង (ប្រទេសប្រេស៊ីល)។