ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា និងតំណាង OHCHR ពិភាក្សាគ្នា លើសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា

ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) អំពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងកិច្ចជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅតែបន្តបើកចំហជាសាធារណៈសម្រាប់ទទួលយកនូវការផ្តល់យោបល់ ក៏ដូចជា ធាតុចូលនានា ពីសាធារណជនពីគ្រប់មជ្ឈដ្ឋាន តាមរយៈទំព័រហ្វេកប៊ុក និងក្រុមតេឡេក្រាម របស់ខ្លួន។

គ.ស.ម.ក. និង OHCHR-Cambodia គ្រោងនឹងរៀបចំឲ្យមានសិក្ខាសាលា ឬសន្និសីទថ្នាក់តំបន់ និងអន្តរជាតិតាមរយៈប្រព័ន្ធវីដេអូ ផងដែរ ជាមួយស្ថាប័នសិទ្ធិមនុស្សរបស់បណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងទទួលបានធាតុចូលលើសេចក្តីព្រាងច្បាប់ខាងលើ។ គ.ស.ម.ក. និង OHCHR-Cambodia បន្តសហការអញ្ជើញក្រុមការងារអង្គការសង្គមស៊ីវិលចូលរួមក្នុងកិច្ចពិគ្រោះយោបល់ផងដែរ៕

To Top