ព័ត៌មានជាតិ

អាជ្ញាធរមីន អំពាវនាវដល់ប្រទេសជាមិត្ត បន្ដផ្ដល់ជំនួយមកកម្ពុជា ដើម្បីបោសសម្អាតមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ព្រមទាំង ចូលរួមកំទេចគ្រាប់មីន ឲ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) តាមរយៈប្រពន្ធវីដេអូ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងសហគមន៍ ម្ចាស់ជំនួយ រួមមាន ៖ សហរដ្ឋអាមេរិក ជប៉ុន ចិន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង នូវែលហ្សឺឡង់ សាធារណរដ្ខកូរ៉េ កាណាដា ស្វីស ន័រវែស ឥណ្ឌា បារាំង អៀឡង់ បែលហ្សិក អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដែលតែងតែគាំទ្រដល់វិស័យសកម្មភាព មីននៅកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី ខ្ញុំសូមអំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងចូលរួមកំទេចគ្រាប់មីនអោយអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ ខាងមុខ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥»។

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា ការចូលរួមដ៏សប្បុរសនេះ គឺជាការបង្ហាញនូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ដែលបានមកពីការរួមចំណែកក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរចំពោះសុខសុវត្ថិភាព សន្តិសុខ និងការរស់នៅរបស់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយមីន។

សូមរំលឹកថា ការអនុវត្តផែនការសកម្មភាព ៣ឆ្នាំ ២០១៨-២០២០ កន្លងមក ក្នុងនោះ កម្ពុជាបានរំដោះផ្ទៃដីចំនួន ៤២១គីឡូម៉ែតក្រឡា ស្មើនឹង៦៦% នៃផែនការ ៣ឆ្នាំ រកឃើញនិងកំទេចគ្រាប់មីនប្រឆាំងមនុស្ស ចំនួន ៤៩.២៥៦គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៩៥៦គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន២២១.៣៧២ គ្រាប់ ព្រមទាំង មានអ្នកទទួលផលចំនួនប្រមាណ ២លាននាក់ និងមានប្រជាពលរដ្ឋ ចំនួន២.៨៤០.៦១២ នាក់ បានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ មានស្ត្រីចំនួន ៩៦៧.៣៥១នាក់ និងកុមារ ចំនួន៣៦៥.៥៦៦នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×