ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការដូសទី៣ ឬដូសជំរុញ មិនបានបង្កឲ្យមានផលរំខាននោះទេ ទោះបីជាធ្លាប់ចាក់វ៉ាក់សាំងប្រទេសដូចគ្នា ឬផ្សេងគ្នាក៏ដោយ ។
ការបញ្ជាក់របស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីរារដ្ឋាភិបាលដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា «ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំង ប្រភេទខុសគ្នាក៏ដោយ មិនបង្កឲ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ ប៉ុន្តែ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ប្រភេទដែល (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត»។
ក្រសួងក៏បានលើកឡើងថា ចំពោះអ្នកបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន២ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចគ្នា ដូចជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំង ប្រភេទ Viral Vector (វ៉ាក់សាំង AstraZeneca) ឬវ៉ាក់សាំងប្រភេទ_mRNA (វ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន។
ក្រសួងថា ដោយឡែក ចំពោះអ្នកបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំង មូលដ្ឋានបានគ្រប់ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជាវ៉ាក់សាំង Astra Zeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់ សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដួសជំ រុញក៏បាន។
ក្រសួងក៏បានគូសបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ ក្រុមការងារសិក្សា ស្រាវជ្រាវនៃក្រសួងសុខាភិបាល នឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងដល់សាធារណជនអំពី លទ្ធផលនៃការសិក្សានេះនៅពេលក្រោយ៕
ស សំណាង