ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ មេរៀន និងបទពិសោធន៍ ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្រពីព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន (Video)

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា មេរៀន និងបទពិសោធន៍ ចំនួន៤ ដែលប្រទេសកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍ នៅអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់ខ្លួន។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឲ្យដឹងថា មេរៀន និងបទពិសោធន៍ ចំនួន៤នោះ រួមមាន ៖ ទី១-ការពង្រឹងនូវឯកភាព និងសាម្គីភាពផ្ទៃក្នុងជាមួយនិងស្មារតីជាតិនិយម គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ។

ទី២-ការខិតខំថែរក្សា និងផ្តល់តម្លៃលើសន្តិភាពដែលខ្លួនកំពុងតែមាន កុំចាំរហូតដល់ពេលបាត់បង់ទើបចេះស្តាយក្រោយ។

ទី៣-ភាពអាណាធិបតេយ្យនៃសណ្តាប់ធ្នាប់នយោបាយអន្តជាតិ នាពេលបច្ចុប្បន្ន ដែលចាប់ផ្តើមពីការចោទប្រកាន់គ្មានមូលដ្ឋានក្រោមហេតុផល និងលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីប្រទេសមហាអំណាច និងបន្ទាប់មកឈានទៅរកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីគ្រប់គ្រងនិងកាន់កាប់។

និងទី៤-វិធានការក្នុងការឆ្លើយតប ទប់ស្កាត់ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ តាមរយៈការពង្រឹងខ្លួនឯង ទំនាក់ទំនងអន្តរជាតិនិងនយោបាយការទូត និងការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ក្នុងនាមជារដ្ឋអធិបតេយ្យ៕

To Top