ព័ត៌មានជាតិ

រកឃើញ ផលិតផលគុយទាវ លួចបន្លំយករូបប្រាសាទ អង្គរវត្ត ដាក់តាំងលើ សំបកវេចខ្ចប់ (Video)

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានរកឃើញការចែកចាយ នៅលើទីផ្សារអាមេរិក នូវផលិតផលគុយទាវ ក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផល របស់កម្ពុជា ដោយនៅលើសំបកវេចខ្ចប់ ប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់ នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតអាមេរិក (East Coast) ។

យោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋមេរិក នៅថ្ងៃទី២៦ សីហា បានឲ្យដឹងថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាត ពីអាជ្ញាធរ មានសមត្ថកិច្ច របស់កម្ពុជា បានរំលោភបំពាន លើបទប្បញ្ញត្តិច្បាប់ របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើម នៃផលិតផលគុយទាវកញ្ចប់ ។

ទាក់ទិនករណីនេះ ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះ ព្រមទាំងបានចេញលិខិតជូន ដំណឹងជាផ្លូវការទៅក្រុមហ៊ុនឲ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់ផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញ នូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុន មិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង ។

ទន្ទឹមគ្នានោះដែរ ស្ថានទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ កំពុងស្នាក់នៅអាមេរិក ឈប់ជាវយកមកប្រើប្រាស់ នូវផលិតផលក្លែងបន្លំនេះ ព្រមទាំងជូនដំណឹង មកស្ថានទូតតាមហ្វេសប៊ុក ក្នុងករណីបានឃើញ ឬជួបប្រទះនូវផលិតផល ណាប្រើប្រាស់រូបសញ្ញា ដែលជាអត្តសញ្ញាណជាតិនៃកម្ពុជា នៅតាមបណ្ដាទីផ្សារនានា ក្នុងសហរដ្ឋអាមេរិកត្រូវរាយការណ៍ ដើម្បីស្ថានទូតអាចរៀបចំ នីតិវិធីតវ៉ាតាមផ្លូវច្បាប់ សំដៅបញ្ឈប់ការដាក់លក់ ផលិតផលក្លែងបន្លំនេះ បានទាន់ពេលវេលា ៕

To Top