ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដី របស់រដ្ឋដោយខុសច្បាប់ ។
ដោយសមាសភាពក្រុមការងារនេះមាន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធាន និងអនុប្រធាន ចំនួន៤រូប និងសមាជិក ចំនួន១៦រូបទៀត។
យោងតាមសម្រេច របស់អគ្គស្នងការនគរបាលជាតិ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារមានភារកិច្ចដូចជា ៖ ប្រមូលព័ត៌មាន អំពីសកម្មភាពញុះញង់ ឧបត្ថម្ភគាំទ្រដល់ការបង្កើតឲ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ល្បិចកលអុជអាលឲ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រាន កាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ ដែលបង្កចលាចលនៅតាមបណ្តា ភូមិសាស្ត្ររាជធានី-ខេត្ត។
ជាងនេះទៅទៀត កំណត់មុខសញ្ញាសកម្មជនដីធ្លី ពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឲ្យបទល្មើសដដែលកើតឡើងសាជាថ្មី ដំឡើងបញ្ជីករណីរឿង ដើម្បីកំណត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។ ព្រមទាំង វាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការ ស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង ដំឡើងបញ្ជីមុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធី ៕