ព័ត៌មានជាតិ

ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ជាតំបន់ប្រឈម ការទន្ទ្រានកាន់កាប់ដី ព្រៃខុសច្បាប់

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជាតំបន់ប្រឈមលើការ ទន្ទ្រានកាន់ កាប់ដីព្រៃខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូច ដែលទាមទារឲ្យមន្ត្រី ឧទ្យានុរក្សទាំងអស់ យកចិត្តទុកដាក់បំផុត។

ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ បណ្ណសរសើរ និងឧបករណ៍ដ្រូន អាយកូម សម្ភារផ្សេងទៀត ជាជំនួយល្បាតដល់ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្ស ត្រូវបន្តហ្វឹកហាត់ បង្កើនសមត្ថភាព ខ្លួនជាប្រចាំទាំងផ្នែកក្របខណ្ឌច្បាប់ និងបច្ចេកទេស ត្រូវធ្វើបច្ចុប្បន្នភាពខ្លួនឯង លើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបន្តប្រតិបត្តិក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ក្នុងនាមជាឆ្មាំព្រៃ។

លោកបានបញ្ជាក់ថា «ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ គឺជាតំបន់ ប្រឈមលើការ ទន្ទ្រានកាន់កាប់ដីព្រៃ ខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូច ដែលទាមទារឲ្យមន្ត្រី ឧទ្យានុរក្ស ទាំងអស់យកចិត្តទុកដាក់ និងមានឧបករណ៍ សម្ភារទំនើប ដើម្បីជាជំនួយក្នុងការងារល្បាតរបស់ខ្លួន ចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើស បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។

លោកបានបន្ដថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ ក្នុងបុព្វហេតុការពារនូវធនធាន ធម្មជាតិសត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកថា ទាំងនេះវាក៏បង្ហាញ ពីទឹកចិត្តមោះមុត ដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ ជាដើម។

លោកបានបញ្ជាក់ទៀតថា «មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះ ថ្នាក់ដោយ ចៃដន្យផ្សេងៗ ពិសេស ជនល្មើសអាចបង្កគ្រោះថ្នាក់ នៅពេលមន្រ្តីយើង ចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈម ទៅ នឹងកត្តា ផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គ លំបាកៗ ជាច្រើនក្នុងពេលបំពេញ ការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់»។

ជាមួយគ្នានេះ លោករដ្ឋលេខាក៏បានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ ដើម្បីការពារតំបន់ការពារធម្មជាតិឲ្យបានគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយ។ លោកកោតសរសើរ ពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ របស់មន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងការថែរក្សានិង ការពារ ធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។

សូមរំលឹកថា កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ កំពុង ឈរជើងការពារ និងអភិរក្សធនធានធម្មជាតិ លើតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅទូទាំងប្រទេស ។ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដោយចែក ជាឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើ ប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ តំបន់រ៉ាមសានិង របៀងអភិរក្សជីវៈចម្រុះ ៕

To Top