នយោបាយ

កម្ពុជា ផ្លាស់ប្ដូរ របបនយោបាយ ក៏ដោយ តែប្រព័ន្ធរដ្ឋបាល សាធារណៈ នៅរក្សារបៀប គ្រប់គ្រង តាមបែបវិមជ្ឈការ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបីកម្ពុជាផ្លាស់ប្តូរ របបនយោបាយក៏ដោយ ប៉ុន្ដែ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈ នៅតែរក្សារបៀប គ្រប់គ្រងតាមបែប វិមជ្ឈការ និង វិសហមជ្ឈការ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា ចាប់ពីពេលនេះ តទៅ គេហទំព័រហ្វេសបុក របស់ សម្ដេច នឹងធ្វើការផ្សព្វផ្សាយ ជាបន្តបន្ទាប់នូវសមិទ្ធផល ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ដែលជាយន្តការមួយ មានការពាក់ព័ន្ធយ៉ាង ជិតដិតបំផុត ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាព លរដ្ឋ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមជម្រាប ជូនបងប្អូនជនរួមជាតិថា ប្រទេសកម្ពុជា យើងក៏ធ្លាប់មានប្រព័ន្ធ អភិបាលកិច្ច មូលដ្ឋាន ជាយូរលង់មកហើយ ។ ប៉ុន្តែប្រព័ន្ធអភិបាលកិច្ចនេះ មានការប្រែប្រួលទៅ តាមការផ្លាស់ប្តូររបប នយោបាយជា ច្រើនលើក ច្រើនសារ ។
ទោះបីមានការផ្លាស់ប្តូរ នូវរបបនយោបាយ បែបនេះក្តី ក៏ជាទូទៅប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារ ណៈ នៅក្នុងប្រទេសយើង នៅរក្សារបៀបគ្រប់គ្រង តាមបែបវិមជ្ឈការ ដែលបានបន្សល់ទុកតាំង ពីយូរយារមកហើយ» ។

សម្ដេច រំលឹកថា ក្នុងប្រវត្តិសាស្ត្រ នៃការផ្លាស់ប្តូរនូវរបប នយោបាយទាំងនេះ ជាអកុសល កម្ពុជាក៏បានជួប នូវសោកនាដក ម្ម ដ៏សែនឈឺចាប់ជា ទីបំផុតនោះ គឺសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ដែលបានអូសបន្លាយ ពេលវេលាជាច្រើនទសវត្សរ៍ ជាពិសេស របបប្រល័យ ពូជសាសន៍ប៉ុលពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ ប្រជាជន យ៉ាងរង្គាល ព្រមទាំង បានបំផ្លិចបំផ្លាញ ទាំងស្រុងនូវ ហេដ្ឋារចនា សម្ព័ន្ធសង្គមគ្រប់វិស័យ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈនៅគ្រប់ថ្នាក់ ព្រមទាំងធនធានមនុស្ស។

សម្ដេច បន្ដថា បន្ទាប់ពី ទទួលបានសន្តិភាព ស្ថេរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដីពេញ លេញតាមរយៈ ការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ដែលផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នាចុងទសវត្សរ៍៩០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅជាសារ វន្តក្នុងការស្តារ និងអភិវឌ្ឍប្រទេស ជាតិ គឺការកសាងសង្គមកម្ពុជា មួយដែលធានាដល់ការបន្ត រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្លាប់សង្គម។

ជាងនេះទៅទៀត សម្ដេច ស ខេង បន្ថែមថា ដើម្បីធានាដល់ការសម្រេចបាននូវទិសដៅជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនានាដែលក្នុងនោះ រួមមាន ៖ យុទ្ធសាស្ត្រចតុកោណ តាមនីតិកាលនីមួយៗ នៃរដ្ឋសភា ដោយកំណត់យកកំណែ ទម្រង់អភិបាលកិច្ចធ្វើជាស្នូល នៃយុទ្ធសាស្ត្រទាំងនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top