ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ថា មិនត្រូវឱ្យមានវ៉ាក់សាំង កូវីដ-១៩ ដេកក្នុងឃ្លាំង ក្នុងពេលប្រជាជន ត្រូវការនោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសថា មិនត្រូវខ្វះវ៉ាក់សាំងកូវីដ-១៩ ជូនដល់បណ្តារាជធានី-ខេត្ត ឡើយ ជាពិសេសនោះ មិនអនុញ្ញាតឱ្យមាន វ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជន ត្រូវការវ៉ាក់សាំងនោះទេ។

យោងតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំអភិ បាលរាជធានី-ខេត្ត ត្រូវរាយការណ៍ប្រចាំថ្ងៃ និងជាប់ជាប្រចាំអំពីវឌ្ឍនភាព នៃការគ្រប់គ្រង និងការអនុវត្តការងារចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ដើម្បីជាមូលដ្ឋានក្នុងការតាមដាន និងត្រួតពិនិត្យការងារ ចាក់វ៉ាក់សាំងដោយប្រើប្រាស់ គំរូតារាងព័ត៌មាន ដែលត្រូវបានរៀបចំដោយ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩។

សម្ដេចតេជោ បានបញ្ជាក់ថា «គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវពង្រឹងយ ន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួន លើវឌ្ឍនភាព នៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ក្រ បខណ្ឌរាជធានី-ខេត្ត នីមួយៗ ដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌ ទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការ ឆ្លើយតបឱ្យបានទាន់ពេលវេលាទាក់ទង នឹងការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាជន ជាក់ស្ដែងនៅតាម មូលដ្ឋាន»។

សម្ដេចតេជោ បានបន្ដថា «ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹង ស្ថានភាពជាក់ស្ដែង នៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំង ជូនដល់បណ្តារាជធានី-ខេត្ត ដើម្បីចាក់ជូនប្រជាជន ដោយផ្អែកតាមតម្រូវការជាក់ស្ដែង ក្នុងភូមិសាស្ត្រនីមួយៗ និងតាមអភិក្រម មិនអនុញ្ញាតឱ្យមានវ៉ាក់សាំង ដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជន ត្រូវការវ៉ាក់សាំងនោះទេ»។

សម្ដេចតេជោ បានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រ គន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជា ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ ទប់ទល់នឹងមេរោគកូរីដ-១៩ សំដៅឈានឆ្ពោះទៅ បើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយ នឹងជំងឺនេះតាមគន្លង ប្រក្រតីភាពថ្មី។

សូមរំលឹកថា គិតមកទល់ពេលនេះ កម្ពុជាសម្រេច បានការចាក់វ៉ាក់សាំង ជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅ ប្រមាណ ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក៕

To Top