ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធការលើកឡើងរបស់លោក សម រង្ស៊ីថា “ការបង្កើតរដ្ឋាភិបាលបង្រួប បង្រួមជាតិដែលមាន សម្តេច ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។ លោកថា គ្មានដូចអ្វីទៅនឹងការលើកឡើង របស់បុគ្គលសម រង្ស៊ីនោះទេ ។
លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃ២៩ សីហា បានបង្ហោះរូបភាព មួយសន្លឹករបស់លោក ជាមួយសម្តេច ស ខេង ដែលជារូបនៃជំនួបកាលពីអតីតកាល អមដោយសំណេរយ៉ាងខ្លីថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៣០ ខែសីហា ឆ្នាំ២០២១ថា “សម្តេច ស ខេង អញ្ជើញទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន លោកគ្មានពេលឯណាទៅ ជជែកពិភាក្សាដូចអ្វីដែល សម រង្ស៊ីថា(រដ្ឋាភិបាលបង្រួបបង្រួមជាតិ) នោះទេ ។ ការបង្កើតរដ្ឋាភិបាលចំរុះស្អីនោះ អត់មានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ណាគេឲ្យធ្វើចឹងទេ នេះគឺជាអំពើក្បត់ជាតិថែមទៀត” ។
លោកបន្តថា លោក សម រង្ស៊ី ប្រកាសបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិនេះ ធ្វើឲ្យមានដីការចាប់ខ្លួន កើនឡើងថែមទៀតទេ ព្រោះគំនិតចេញមកសុទ្ធតែ ផ្ទុយទៅនឹងច្បាប់របស់កម្ពុជា ។ ចំពោះមតិលើកឡើងថា សម្តេច ស ខេង ទៅបារាំងដើម្បីជួបក្រុមរបស់លោក សម រង្ស៊ីនោះ លោកខៀវ សុភ័គ បញ្ជាក់ថា គឺជារឿងរបស់គេទៅ ព្រោះជាសិទ្ធិបញ្ចេញមតិ គ្មានអ្នកណាហាមឃាត់ទេ ប៉ុន្តែជាក់ស្តែងគឺសម្តេច ស ខេង ទៅបារាំង ដោយសារមានកិច្ចការ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា សម្តេច ស ខេង បានធ្វើដំណើរទៅប្រទេសបារាំង កាលពីថ្ងៃ២១ សីហា រយៈពេល១៤ថ្ងៃ ចាប់ថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ ការធ្វើដំណើរទៅនេះ ក៏បានទទួលការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។
ក្រោយការចាក់ចេញរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនបានប៉ុន្មានថ្ងៃផង មានការផ្សព្វផ្សាយ ក៏ដូចជាការលើកឡើង ពីមតិប្រឆាំងថា សម្តេច ស ខេង ទៅជួបមន្រ្តីនៃអតីត គណបក្សសង្រ្គោះជាតិ ៕