ភ្នំពេញ ៖ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានថ្លែងថា មានប្រទេសខ្លះដែលបានតាំងខ្លួនឯង ជាប្រទេសបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរួមគ្នាឈ្លានពានអាហ្វហ្កានីស្ថានមិនព្រមអនុញ្ញាតឲ្យជនជាតិអាហ្វហ្កានីស្ថានបានចូលប្រទេសខ្លួនភ្លាមៗទេ ដោយទុកឲ្យបំពេញបែបបទទៀត ខណៈពួកគេកំពុងត្រូវការជំនួយក្នុងការផ្តល់ទីជម្រកជាបន្ទាន់ ។
លោក ជិន ម៉ាលីន តាមបណ្តាញតេឡេក្រាម នាថ្ងៃ៣០ សីហា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ ប្រទេសមួយចំនួនដែលមិនជាប់ពាក់ព័ន្ធ នឹងសង្រ្គាមនៅអាហ្វហ្កានីស្ថាន បានរួមគ្នាបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិ ដោយសុខចិត្តទទួលជនភៀសខ្លួនស៊ីវិល អាហ្វហ្កានីស្ថាន ឲ្យស្នាក់នៅបណ្តោះអាសន្នសិន រង់ចាំបំពេញបែបបទចេញទៅប្រទេសទី៣ ។
លោកបន្តថា ចំណែកឯប្រទេសដែលតែងតែ តាំងខ្លួនជាបិតាសិទ្ធិមនុស្ស-ប្រជាធិបតេយ្យវិញ ដោយបានរួមគ្នាឈ្លានពាន និងបង្កសង្រ្គាមនៅអាហ្វហ្គានីស្ថាន នាំឲ្យមានវិប្បត្តិជនភៀសខ្លួននាពេលនេះ បែរជាមិនទទួលជនភៀសខ្លួនទាំងនោះឲ្យចូលក្នុងប្រទេសរបស់ខ្លួនទៅវិញ ។
លោកថា “ប៉ុន្តែបែរជាតម្រូវឲ្យស្នាក់នៅបណ្តោះអាសន្ន នៅប្រទេសដ៏ទៃសិន ដើម្បីរង់ចាំបំពេញបែបបទនិងលក្ខខណ្ឌ ជាជនភៀសខ្លួនឲ្យបានចប់សព្វគ្រប់ មុននឹងអនុញ្ញាតឲ្យចូល។ នេះបានហៅថា បិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមែន”។
សូមបញ្ជាក់ថា បើតាមសារព័ត៌មាន Politico ចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុនថា ដោយសារការប្រញាប់ប្រញាល់ ចាកចេញពីទីក្រុងកាប៊ុល បុគ្គលិកស្ថាន ទូតអាមេរិក បានដុតបំផ្លាញលិខិតឆ្លងដែន របស់បុគ្គលអាហ្វហ្កានីស្ថាន ដែលបានដាក់ពាក្យសុំទិដ្ឋាការ អាមេរិក រួមជាមួយទង់ជាតិនិង ស្លាកសញ្ញាអាមេរិក ។
តាមសេចក្តីរាយការណ៍នានាគិតមកដល់ពេលនេះ អាមេរិកបានជន្លៀសពលរដ្ឋខ្លួនពីអាហ្វហ្កានីស្ថានជិត១ម៉ឺននាក់ អង់គ្លេសប្រមាណ៦ពាន់នាក់ និងអាល្លឺម៉ង់ ប្រមាណ៣ពាន់នាក់ ៕