ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ អ្នកធ្វើដំណើរតាមផ្លូវពីរគន្លង អ្នកបើកយឺតត្រូវនៅខាងស្ដាំ ទុកឲ្យអ្នកបើក តាមល្បឿនកំណត់នៅខាងឆ្វេង

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមផ្លូវពីរគន្លងថា ចំពោះអ្នកបើកបរយឺតៗ ត្រូវប្រកាន់ខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់ ដោយច្បាប់ បើកខាងឆ្វេង ដើម្បីកុំឲ្យស្ទះចរាចរណ៍។

ក្នុងនោះដែរ ក្រសួងសាធារណការ កំពុងពិចារណា ដើម្បីផាកពិន័យរថយន្ដធ្ងន់ៗ ដែលបើកល្បឿនយឺតៗ នៅខាងឆ្វេង ចំពោះផ្លូវពីរគន្លងទៅ ពីរគន្លងមក។

ឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋ ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ច្បាប់របស់កម្ពុជាបានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋធ្វើដំណើរត្រូវប្រកាន់ខាងស្ដាំ លើកលែងតែករណី វ៉ា ឬជែង តែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា «សព្វថ្ងៃប្រជាពលរដ្ឋ លោកឃើញរថយន្ដដឹកទំនិញធ្ងន់ៗនេះ ផ្លូវពីរគន្លងទៅ ពីរគន្លងមក គាត់មិនបើកខាងស្ដាំទេ គាត់នៅខាងឆ្វេង ដូច្នេះធ្វើឲ្យអ្នកចង់វ៉ាជែងនេះ មិនត្រឹមត្រូវ វ៉ា មិនកើត គឺសុខចិត្តខំ វ៉ា ជែង ខាងស្ដាំ ចឹងទៅ។ ដូច្នេះត្រូវគោរពច្បាប់ គឺត្រូវប្រកាន់ស្ដាំ យើងបើយឺតត្រូវខាងស្ដាំ ទុកឲ្យគេបើតាមល្បឿនកំណត់ គេបើខាងឆ្វេង។ ជាពិសេស ឡានធំហ្នឹង ត្រូវបើកខាងស្ដាំ កុំបើកនៅខាងឆ្វេង។ យើងកំពុងរៀបចំធ្វើវិសោធកម្មច្បាប់ ហើយអាចមានការផាកពិន័យ ចំពោះរថយន្ដធ្ងន់ៗ ដែលបើកយឺត ហើយបើកនៅគន្លងខាងឆ្វេង នេះកំពុងតែពិចារណា លើការពិន័យនេះ ដើម្បីធ្វើម៉េចកុំឲ្យគាត់ស្ទះចរាចរណ៍ ដោយសារគាត់បើកយឺតៗ នៅខាងឆ្វេង»។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ដឹកទំនិញទាំងអស់ កុំដឹកលើសទម្ងន់កម្រិតកំណាត់ ព្រោះថា បណ្ដាលឲ្យផ្លូវឆាប់ខូច និងបង្កគ្រោះថ្នាក់ជាដើម៕

To Top