ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ត្រូវបានមេខ្យល់ឆបោកយកទៅលក់នៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះបានហើយ ដោយនឹងត្រៀមបញ្ជូនមកស្រុកកំណើតវិញ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


ក្រុមអាជ្ញាធរកម្ពុជា-ចិនចេញជួយអន្តរាគមន៍ស្រ្តីនេះ បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Bros Bee កាលពីថ្ងៃ២៥ សីហា ថ្មីនេះ បានផ្ញើសារមកកាន់គេហទំព័រហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយរូបគេ និងស្រ្តីម្នាក់ទៀតឈ្មោះអ៊ិត ឈូក ភេទស្រី កើតនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩១ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងរំដេង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយសារការចាញ់បោកមេខ្យល់ទៅធ្វើការនៅចិន។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Bros Bee ដដែល គឺស្រ្តី ឈ្មោះ អ៊ិត ឈូកត្រូវបានគេបញ្ជូនទៅប៉ូលីសនៅចិន ។

ក្រោយឃើញការផ្ញើសារមក ក្រុមការងារសម្តេច ស ខេង បានផ្ញើទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងអន្តរាគមន៍ដោះស្រាយ។ ដោយមានការឯកភាពពីលោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើចំណាត់ការបញ្ជូនករណីនេះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជាសមត្ថកិច្ច។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ត្រីជំនាញនាយកដ្ឋានបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតអង្គហេតុ និងរកឃើញទីតាំង(Location) គឺស្ថិតនៅចំណុច 9VWJ+XR ស្រុកសុងស៊ីខោនទី ក្រុងណាភីង ខេត្តហ្វូជៀន ប្រទេសចិន ដែលជនរងគ្រោះស្នាក់នៅ និងបានផ្ញើទីតាំងនេះទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខ្មែរ ដើម្បីបញ្ជូនទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន សហការជាមួយអាជ្ញាធរចិន ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ។

ជាលទ្ធផល ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះជនរងគ្រោះឈ្មោះ អ៊ិត ឈូក ។ ស្ថានអគ្គកុងស៊ុលបានស្នើសុំចេញលិខិតធ្វើដំណើរបណ្តោះអាសន្នពីក្រសួងការបរទេស ដើម្បីអនុញ្ញាតឲ្យជនរងគ្រោះបានត្រឡប់មកកម្ពុជាវិញ៕
