ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្ដើមហោះហើរផ្ទាល់រវាង ជប៉ុន-កម្ពុជា ឡើងវិញនាពេលឆាប់ៗនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យមានការកើនឡើង។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក សុខ ចិន្ដាសោភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ របស់វិនិយោគិន ជប៉ុនទាំងអស់ ជាពិសេស ការវិនិយោគ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌ ដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។
លោកបានបន្ដថា ជាពិសេស ការអភិវឌ្ឍធនធានមនុស្សស្របតាមការ ចង្អុលបង្ហាញនៃ គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មផ្នែកលើជំនាញឲ្យបានត្រឹម ឆ្នាំ២០២៥ ខាងមុខ។
លោកបានបញ្ជាក់ថា «សង្ឃឹមថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឲ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ មានការកើនឡើង»។
នាឱកាសនោះដែរ លោកទូតជប៉ុន ប្រចាំកម្ពុជា បានសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជាគឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយ ជាលទ្ធផលបានធ្វើឲ្យសភាពការណ៍នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
សូមរំលឹកថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៤៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨ប៊ិលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៦៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក៕