ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ រំពឹង​ថាវេទិកា​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប នឹងចូលរួមដោះស្រាយបញ្ហាប្រឈម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ មេដឹកនាំនយោបាយមកពីទ្វីប អាស៊ី-អឺរ៉ុប នឹង​ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ។

ក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ «វេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣» នៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងបន្តការរាលដាលយ៉ាងខ្លាំងលើសកលលោក បានធ្វើឱ្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ ត្រូវបានពន្យាពេល និងសម្រេចរៀបចំ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីឌេអូវិញ។

លោកបានបន្ដថា ដោយឡែក វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាវេទិកាអមមួយ ក្នុងចំណោមវេទិកាអមទាំង៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។ វេទិកានេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈប្រព័ន្ធវីឌេអូ ដូចនឹងកិច្ចប្រជុំកំពូល ASEM ដែរ។

លោកបានបញ្ជាក់ថា «វេទិកានេះជាឱកាសសម្រាប់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងអឺរ៉ុប ធ្វើការទំនាក់ទំនងគ្នារវាងប្រទេសក្នុងទ្វីបទាំងពីរ ក៏ដូចជាចែករំលែក និងពិភាក្សាកិច្ចការ ដែលទាក់ទងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជាវេទិកាសម្រាប់មេដឹកនាំនយោបាយមកពីទ្វីបទាំងពីរ ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍនៃបណ្តាប្រទេសទាំងអស់ក្នុងទី្វបទំាងពីរ អាស៊ី-អឺរ៉ុប»។

នាឱកាសនោះ លោករដ្ឋមន្ដ្រីបានសង្ឃឹមយ៉ាងមុតមាំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នឹងដំណើរការទៅមុខបានយ៉ាងរលូន និងទទួលបានជោគជ័យ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top