ព័ត៌មានជាតិ

ACU ស្នើអាជ្ញាធរខេត្តតាកែវ ពន្លឿនដោះស្រាយ ជម្លោះដីធ្លី នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ពន្លឿនការដោះ ស្រាយជម្លោះដីធ្លី នៅ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីចេញប័ណ្ណ កម្មសិទ្ធិគ្រប់ក្បាលដីជូនប្រជាពលរដ្ឋ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យប្តឹងអនាមិកពាក់ព័ន្ធករណីចោទប្រកាន់ថា មានការដេញប្រជាពលរដ្ឋចេញពីទីតាំងធ្វើស្រែចំការ ក្នុងភូមិព្រៃក្ខុច បុស្សតាផង់ ស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមការងារ អ.ប.ព. បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងពិនិត្យលើឯកសារពាក់ព័ន្ធ ដោយទទួលបានលទ្ធផល ដូចជា ៖ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ មិនបានប្រព្រឹត្តដូចការលើកឡើងក្នុងពាក្យប្តឹង ពាក់ព័ន្ធនឹងការដេញប្រជាពលរដ្ឋចេញពីទីតាំងដីធ្វើស្រែចំការរបស់ពួកគាត់ទេ ផ្ទុយទៅវិញ គឺខិតខំជំរុញដោះស្រាយការងារនេះ។

ACU បានបន្ដថា ទីតាំងដីដែលស្ថិតក្នុងភូមិសាស្ត្រខាងលើត្រូវបាន ទីស្តីការគណៈរដ្ឋមន្ត្រី និរាករណ៍រាល់ការកាន់កាប់ពីមុនទាំងអស់ ហើយតម្រូវឲ្យរដ្ឋបាលខេត្តកែវ និងមន្ទីរជំនាញពាក់ពន្ធ័ធ្វើការដោះស្រាយជម្លោះដីធ្លីទាំងនោះ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ មកទល់ពេលនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានចុះវាស់វែង និងបិទផ្សាយជាសារធាណៈ នូវឯកសារវិនិច្ឆ័យ
និងត្រៀមផ្តល់ប័ណ្ណជូនប្រជាពលរដ្ឋ។

ACU បានបន្ថែមថា ចំពោះការរាំងស្ទះ ដែលនាំដល់ការយឺតយ៉ាវក្នុងការចេញប័ណ្ណដល់គ្រប់ក្បាលដី ដោយមូលហេតុអាជ្ញាធរខេត្ត និងមន្ទីរជំនាញកំពុងដោះស្រាយតាមផ្លូវច្បាប់ និងបច្ចេកទេស ជាមួយអ្នកកាន់កាប់មួយចំនួនដែលមិនព្រមទទួលយកតាមស្មារតីសជណ ៩៦៨ និង៩៦៩ ខាងលើ។

ACU បានបញ្ជាក់ថា «អ.ប.ព. បានស្នើដល់អាជ្ញាធរខេត្តតាកែវ ពងឿនការដោះស្រាយជម្លោះដីធ្លី ក្នុងភូមិសាស្ត្រខាងលើឲ្យបានឆាប់ ដើម្បីឈានទៅចេញប័ណ្ណកម្មសិទ្ធិដល់គ្រប់ក្បាលដីជូនប្រជាពលរដ្ឋ។ អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណ៍នេះ និងមានវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញអំពើពុករលួយ»៕

To Top