ព័ត៌មានជាតិ

ACU ឲ្យអាជ្ញាធរ ខេត្តតាកែវ មានវិធានការ ទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលពាក់ព័ន្ធ ទិញលក់ ដីធ្លី ក្នុងបរិវេណអាងទឹកតាកែវ (Video)

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណី ជីកយកអាចម៌ដី លុបដីបំពេញសាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លី ក្នុងបរិវេណ នៃអាងទឹកតាកែវ នៅក្រុងដូនកែវ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ACU នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ រួចមកក្រុមការងារ ACU បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្តឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពីសមត្ថកិច្ចរបស់ ACU ។

ACU បានបញ្ជាក់ថា «ផ្អែកតាមលទ្ធផលខាងលើនេះ ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។ អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវដ្តជាក់ស្តែង»៕

To Top